បុគ្គលិក​សុខាភិបាល​ចូលរួម​វគ្គ​សង្រ្គោះ​អ្នក​របួស​ដោយ​គ្រាប់ផ្ទុះ

វគ្គ​ហ្វឹកហ្វឺន​អ្នក​សង្រ្គោះ​បឋម​ក្នុង​ការ​ផ្ទុះគ្រាប់មីន ឬ​លើសមរភូមិ ដំណាក់កាលទី ៣ ត្រូវបាន​បញ្ចប់ ដោយ​ជោគជ័យ​ដោយ​មាន​ការ​កើន​សមត្ថភាព​វេជ្ជសាស្រ្ត​កាន់តែ​ប្រសើរ។
គ្រូ​បង្គោល​មក​ពី​នាយកដ្ឋាន​សុខាភិបាល​​នៃ​ក្រសួង​ការពារជាតិ និង​មជ្ឈមណ្ឌល​បោសសម្អាត​មីន កម្ពុជា បាន​បង្រៀន​ដល់​វគ្គ​ហ្វឹកហ្វឺន​ដែល​មាន​រយៈពេល ២ សប្ដាហ៍ ក្រោម​ការ​ជួយ​ឧបត្ថម្ភ​ពីក្រុម ភស្តុភាទី ៣ នៃ​កងទ័ព​ជើងទឹក​សហរដ្ឋអាមេរិក ប្រចាំ​នៅ អូគីណាវ៉ា។
ប្រធានបទ​ក្នុង​វគ្គសិក្សា​រួមមាន​ប្រភេទ​នានា​នៃ​ការ​សង្រ្គោះ​មុនពេល​មកដល់​មន្ទីរពេទ្យ​ការ​គ្រប់គ្រង ការ​ហូរឈាម  ការ​ប្រើ​ឧបករណ៍​ថ្មី​សម្រាប់​សង្រ្គោះ​ផ្លូវដង្ហើម ការ​ដាក់​សេរ៉ូម​តាម​សរសៃ​និង​តាម​ឆ្អឹង  ការ​គ្រប់គ្រង​ការ​ចុះ​កម្ដៅ ការ​ព្យាបាល​ការ​រលាក ការ​អបឆ្អឹង និង​ទាញ​ឆ្អឹង​ជា​ដើម។
ប្រធាន​វគ្គ​មក​ពី​ភាគី​អាមេរិក លោក ម៉ាក់ ឡូហ្វលីន បាន​និយាយ​ថា​ឥឡូវនេះ​គ្រូ​បង្គោល​អាចបន្ត យក​ជំនាញ​ទាំងនេះ​ទៅចែករំលែក​ដល់​បណ្ដាអង្គភាព​ដទៃទៀត​ដែល​ត្រូវការ​ជំនាញ​នេះ​ជា​បន្ត​ដើម្បី បង្កើន​ជំនាញ​សង្រ្គោះ​បាន​ហើយ។