កងពលធំអន្តរាគមន៍លេខ ៣ ទទួលគ្រឿងចក្រនិងពូជស្រូវសម្រាប់បង្កបង្កើនផល
កាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០១៥ កងពលធំអន្តរាគមន៍លេខ ៣ បានទទួលគ្រឿងចក្រនិងពូជស្រូវសម្រាប់បង្កបង្កើនផលពីក្រុមហ៊ុនមែន សារុន និងក្រុមការងារអន្តរក្រសួងបង្កបង្កើនផលទាន់រដូវភ្លៀង។
ដើម្បីលើកកម្ពស់ជីវភាព ការរស់នៅរបស់យោធិន និងក្រុមគ្រួសារយោធិន អគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុក្រសួងការពារជាតិបានជំរុញនិងបំផុសចលនាដាំដុះតាមលក្ខណៈភូមិសាស្រ្តដែលអំណោយផល សំដៅបំពេញបន្ថែមលើគោលរបបដែលបានផ្ដល់ជូនដោយរាជរដ្ឋាភិបាល។
ទន្ទឹមនេះ អគ្គនាយកដ្ឋានក៏បានសហការជាមួយវិស័យឯកជន ពិសេស ក្រុមហ៊ុន ម៉ែន សារុន អាហរ័ណ នីហរ័ណ ដើម្បីផ្ដល់នូវឥណទានឥតការប្រាក់ គ្រឿងចក្រឈូសឆាយ ព្រមទាំងបានសហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទផងដែរ។
នៅចន្លោះឆ្នាំ ២០១២ ដល់ ២០១៤ ក្រុមហ៊ុន ម៉ែន សារុន អាហរ័ណ នីហរ័ណបានផ្ដល់ឥណទានដើម្បីដាំដុះលើទឹកដី ២៤០ ហិកតា ស្មើទឹកប្រាក់ ១២០.០០០ ដុល្លារ ហើយអង្គភាពក៏បានបង្វិលប្រាក់ឥណទានរួចអស់ហើយដែរ។ នៅក្នុងជំហានទី ២ នេះ ក្រុមហ៊ុន បានបង្កលទ្ធភាពដាំដុះដល់ ៤៥០ គ្រួសារបន្ថែមទៀត មួយគ្រួសារទទួលបានឥណទានឥតការប្រាក់ ៦០០ ដុល្លារ ហើយនឹងសងបង្វិលឥណទានទៅក្រុមហ៊ុនវិញក្នុងរយៈពេលបីឆ្នាំ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ទេព សំអាន តំណាងអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុបានបន្ថែមថា កងពលធំអន្តរាគមន៍លេខ ៣ ក៏ទទួលបានអំណោយជាពូជស្រូវ ៣០ តោន ស្មើ ៩០.០០០.០០០ រៀលពីសម្ដេចតេជោ តាមរយៈឯកឧត្តមវង្សី វិស្សុត តំណាងដោយឯកឧត្តម នូវ សុខសម្បត្តិ និងឯកឧត្តម ប្រាក់ ជាតិថូ នៃអគ្គនាយកដ្ឋានកសិកម្ម ហើយយោធិន និងគ្រួសារយោធិនបានសម្ដែងការត្រេកអរបំផុតដែលបានឃើញប្រតិភូអន្តរក្រសួងយកចិត្តទុកដាក់ដល់ការបង្កបង្កើនផលរបស់ពួកគាត់។
កន្លងមកនេះ នាយឧត្តមសេនីយ ស៊ុំ សំណាង អគ្គនាយកភស្តុភារនិងហិរញ្ញវត្ថុ ក្រសួងការពារជាតិ តែងបានថ្លែងអំពីសារសំខាន់នៃចំណងសម្ព័ន្ធភាពរវាងអង្គភាពនិងវិស័យឯកជន ហើយបានជំរុញឲ្យបង្កើនទំនាក់ទំនងល្អថែមទៀតដើម្បីលើកកម្ពស់ជីវភាពកងទ័ពឲ្យកាន់តែប្រសើរឡើងជាលំដាប់ និងជាបន្ថែមទៀត។