ប្រតិភូ NAMRU ទទួលមេដៃ និងប័ណ្ណសរសើរពីនាយកដ្ឋានសុខាភិបាល
អាស្រ័យដោយបានទទួលស្គាល់អំពីស្នាដៃនិងកិច្ចសហប្រតិបត្តិការល្អ នាយកដ្ឋានសុខាភិបាលនៃអគ្គនាយកភស្តុភារនិងហិរញ្ញវត្ថុ បានធ្វើពិធីប្រគល់មេដៃនិងប័ណ្ណសរសើរដល់វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្រ្តកងទ័ពជើងទឹកសហរដ្ឋ អាមេរិក (NAMRU) កាលពីថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០១៥ នៅមូលដ្ឋានទ័ពសមុទ្ររាម ក្រោមអធិបតីភាពឧត្តមសេនីយឯក គង់ សាលី ប្រធាននាយកដ្ឋានសុខាភិបាល។
តាមរយៈកិច្ចសហប្រតិបត្តិការជាមួយកងយោធពលខេមរភូមិន្ទ NAMRU បានចូលរួមសហការប្រមូលទិន្នន័យអំពីការកើតមានជំងឺដើម្បីគ្រប់គ្រង ការពារ ទប់ស្កាត់ ជំងឺឆ្លងនានា ហ្វឹកហ្វឺនជំនាញមីក្រូទស្សន៍ ការបញ្ជូនសារតាមទូរស័ព្ទ និងការសិក្សាជំងឺឆ្លង ។ ទន្ទឹមនេះ ក៏បានបំពាក់សម្ភារមន្ទីរពិសោធន៍ សម្ភារបច្ចេកវិទ្យាព័ត៌មានវិទ្យា កុំព្យូទ័រ ទូរស័ព្ទដៃ និងថវិកាសម្រាប់គាំទ្រការចូលរួមសិក្ខាសាលាមួយចំនួន។
NAMRU ក៏បានសហការជាមួយមន្ទីរពេទ្យព្រះកេតុមាលា ដោយបំពាក់នូវឧបករណ៍មន្ទីរពិសោធន៍ផ្នែកមីក្រូជីវសាស្រ្តកម្រិត មធ្យម ទូសុវត្ថិភាព ទូទឹកកក មីក្រូទស្សន៍ កុំព្យូទ័រ បណ្ដុះបណ្ដាលអំពីស្តង់ដារប្រតិបត្តិការនៅមន្ទីរពិសោធន៍។
កាលពីចន្លោះឆ្នាំ ២០១៣ ដល់ ២០១៥ នេះ កងនាវាចរណ៍មូលដ្ឋានរាម ក៏ទទួលបានការបណ្ដុះបណ្ដាលបុគ្គលិកពេទ្យ និងប្រព័ន្ធទឹកស្អាត ឧបករណ៍មន្ទីរពិសោធន៍ អង្គធាតុប្រតិករដើម្បីពង្រឹងគុណភាពត្រួតពិនិត្យនិងវាយតម្លៃលើការ អនុវត្តសកម្មភាព។
ក្នុងអំឡុងពេលដដែលនេះដែរ មន្ទីរពេទ្យស្រអែមសម្ដេចតេជោ ក៏បានសហការជាមួយ NAMRU ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកមន្ទីរពិសោធន៍ ការវិភាគជំងឺទូទៅ គីមីសាស្រ្ត លោហិតសាស្រ្ត និងការស្រាវជ្រាវជំងឺគ្រុនចាញ់ផងដែរ។