ជំទាវឧត្តមសេនីយឯក តុប សារ៉ន បន្តដឹកនាំក្រុមគ្រូពេទ្យចុះព្យាបាលមនុស្សធម៌
អាស្រ័យភាពជោគជ័យក្នុងការព្យាបាលជូនដល់ប្រជាពលរដ្ឋកាលពីដើមខែវិច្ឆិកាកន្លងទៅ និងដោយមានតម្រូវការរបស់ប្រជាជនក្នុងខេត្តព្រៃវែង ក្រុមគ្រូពេទ្យធ្មេញស្ម័គ្រចិត្តជនជាតិជប៉ុននៃអង្គការមួយសម្រាប់មួយកម្ពុជា (One-2-one Cambodia) បានបន្តធ្វើការពិនិត្យនិងព្យាបាលជំងឺមាត់ ធ្មេញដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង រយៈពេល ០៥ ថ្ងៃ ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០១៥ នៅក្នុងសាលាបឋមសិក្សាស្វាយអន្ទរ ក្រោមការដឹកនាំនិងសម្របសម្រួលដោយលោកជំទាវឧត្តមសេនីយឯក តុប សារ៉ន អគ្គនាយករងនៃអគ្គនាយកដ្ឋានភស្តុភារ-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ ព្រះរាជាណាចក្រកម្ពុជា។
គ្រូពេទ្យបរទេស ១០ នាក់ និងវេជ្ជបណ្ឌិតកម្ពុជា ០៨ នាក់ បានសហការគ្នាយ៉ាងជិតស្និទដើម្បីពិនិត្យនិងព្យាបាលជូនប្រជាជនសរុប ២៨៩ នាក់ ក្នុងនោះ អ្នកជំងឺអាយុក្រោម ១៧ ឆ្នាំ មានចំនួន ១២៤ នាក់ និងអាយុលើ ១៨ ឆ្នាំ មាន ១៦៥ នាក់។
កាលពីថ្ងៃទី ១ ដល់ ទី ៣ ខែវិច្ឆិកា ឆ្នាំ ២០១៥ ក្រុមគ្រូពេទ្យនេះ បានព្យាបាលបានពិនិត្យនិងព្យាបាលជំងឺមាត់ ធ្មេញ និងជំងឺទូទៅ ជូនប្រជាជនក្នុងមូលដ្ឋានចំនួន ៨២៨ នាក់។