មន្ទីរពេទ្យព្រះកេតុមាលាទទួលឧបករណ៍ទំនើបពីប្រទេសចិន

មន្ទីរពេទ្យ​ព្រះកេតុមាលា បាន​ទទួល​អំណោយ​​ជា​ឧបករណ៍​​ពេទ្យ​ទំនើប​​​ដែល​​តម្លៃ​​ប្រហែល ២.៥ លានដុល្លារ​អាមេរិក ពីប្រទេស​ចិនកាល​ពី​ថ្ងៃទី ១៧ ខែ​ ធ្នូ ឆ្នាំ ២០១៥។

ពិធី​ផ្ទេរ​ប្រគល់​នេះ​បាន​ធ្វើឡើង​​ក្រោម​​អធិបតីភាព​របស់​​លោកជំទាវ  ពូ ជាង ហ្គរ  ឯកអគ្គ​រដ្ឋទូត​ចិន​ប្រចាំ​នៅ​ព្រះរាជាណា​ចក្រ​កម្ពុជា និង​ឯកឧត្តម នាយ​ឧត្តម​សេនីយ៍  ទៀ បាញ់  ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា។

ប្រធាន​មន្ទីរ​ពេទ្យ ឯកឧត្តម​ ឧត្តម​សេនីយ​ឯក លី សុវណ្ណ បាន​មាន​ប្រសាសន៍ថា សម្ភារៈដែល​ភាគី​ចិន​ផ្តល់​ឲ្យ​​រួម​មាន ម៉ាស៊ីន​ស្កេន​ថត​ឆ្លុះ​ខួរ​ក្បាល ឆ្អឹងខ្នង និង​សរសៃ​ប្រសាទ (MRI)  ០១ គ្រឿង  ម៉ាស៊ីនថត​ដោយ​ប្រើកាំ​រស្មី​អ៊ិច​ (CT Scan) ០១​ គ្រឿង  ម៉ាស៊ីន​ធ្វើ​រោគ​វិនិច្ឆ័យ​​បេះដូង (Cath-Lab) ០១ គ្រឿង ម៉ាស៊ីន​​ពិនិត្យ​សរសៃ​ឈាម​ក្នុង​ជាលិកា (DSA) ០១ គ្រឿង និងបរិក្ខាររួមផ្សំមួយចំនួនទៀត។

លោក​បន្ថែមថា ជាមួយ​នឹង​ឧបករណ៍​ទំនើបទាំងនេះ មន្ទីរពេទ្យ​ព្រះកេតុមាលា​នឹង​កាន់តែ​មាន​សមត្ថភាព​ខ្ពស់ ដើម្បី​បម្រើ​ជូន​កងទ័ព​និង​ប្រជាជន។

នាយ​ឧត្តម​សេនីយ​ ទៀ បាញ់ ក៏បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ប្រជាជន​និង​រដ្ឋាភិបាល​ចិន ដែលបាន​ផ្ដល់ជំនួយ​មនុស្សធម៌​ដ៏មាន​តម្លៃ​នេះ​ដល់​ប្រទេស​កម្ពុជា និង​បាន​ថ្លែង​ថា ឧបករណ៍​ទំនើប​ដូច្នេះ​ មាន​តម្លៃ​ខ្លាំងណាស់​ ហើយ​ឆ្លុះ​បញ្ចាំង​អំពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ក្នុងការ​កែលម្អ​សុខភាព​របស់​យោធិន​កម្ពុជា និង​ប្រជាជន​ទូទៅ។

លោក​ជំទាវអគ្គរដ្ឋទូត​បាន​ថ្លែង​ថា ប្រទេសចិន​តែ​ង​យក​ចិត្ត​ទុកដាក់​ចំពោះ​សុខភាព​របស់​ប្រជាជន​កម្ពុជា ជាពិសេស​កងកម្លាំង​ប្រដាប់​អាវុធ ហើយ​ក៏បាន​ជួយ​ដល់​មន្ទីរពេទ្យ​នេះ​តាំង​ពី​ឆ្នាំ ២០០១ មក​ម្លេះ។ លោកជំទាវ​​សង្ឃឹមថា ឧបករណ៍នេះ​នឹង​លើកកម្ពស់​គុណភាព​នៃ​ការ​ព្យាបាល និង​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍន៍​វិស័យ​សុខាភិបាល​កងទ័ព​កម្ពុជា។