នាយឧត្តមសេនីយស៊ុំ សំណាងបំពាក់មេដាយជូនវេជ្ជបណ្ឌិតនៃកងទ័ពរំដោះប្រជាជនចិន
កាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០១៦ នាយឧត្តមសេនីយស៊ុំ សំណាង អគ្គនាយកភស្តុភារ- ហិរញ្ញវត្ថុនៃក្រសួងការពារជាតិកម្ពុជា បានបំពាក់មេដាយសហមេត្រី ថ្នាក់អស្សឫទ្ធិ និងផ្ដល់ប័ណ្ណសរសើរជូនវេជ្ជបណ្ឌិតនៃកងទ័ពរំដោះប្រជាជនចិនដែលបានចូលរួមបណ្ដុះបណ្ដាលដល់វេជ្ជបណ្ឌិតនិងគ្រូពេទ្យនៃមន្ទីរពេទ្យព្រះកេតុមាលា។
ថ្មីៗនេះមន្ទីរពេទ្យក៏បានទទួលសម្ភារៈជំនួយពីប្រទេសចិនរួមមាន ម៉ាស៊ីនស្កេនថតឆ្លុះខួរក្បាល ឆ្អឹងខ្នង និងសរសៃប្រសាទ (MRI) ០១ គ្រឿង ម៉ាស៊ីនថតដោយប្រើកាំរស្មីអ៊ិច (CT Scan) ០១ គ្រឿង ម៉ាស៊ីនធ្វើរោគវិនិច្ឆ័យបេះដូង (Cath-Lab) ០១ គ្រឿង ម៉ាស៊ីនពិនិត្យសរសៃឈាមក្នុងជាលិកា (DSA) ០១ គ្រឿង និងបរិក្ខាររួមផ្សំមួយចំនួនទៀត ដែលសុទ្ធសឹងជាឧបករណ៍ទំនើប។
ស្របនឹងការផ្ដល់ឧបករណ៍ទំនើប កងទ័ពរំដោះប្រជាជនចិនក៏តែងបានបណ្ដុះបណ្ដាលសមត្ថភាពដើម្បីឲ្យវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យនេះមានសមត្ថភាពដើរទាន់តាមបច្ចេកវិទ្យាទំនើប។
នាយឧត្តមសេនីយ ស៊ុំ សំណាង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជននិងរដ្ឋាភិបាលចិន ដែលបានផ្ដល់ជំនួយមនុស្សធម៌ដ៏មានតម្លៃនេះដល់ប្រទេសកម្ពុជា។