រដ្ឋមន្ត្រីក្រសួងការពារជាតិ​សម្ភោធ​ផ្លូវ​និង​ទំនប់​បង្ហៀរទឹក

កាលពីថ្ងៃទី ១៦ ខែ​ឧសភា ឆ្នាំ ២០១៦ ឯកឧត្តម នាយឧត្តម​សេនីយ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា បាន​​សម្ភោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជាផ្លូវការ​​នូ​វ​ផ្លូវ​គ្រួស​ក្រហម  ទំបន់​បង្ហៀរ​ទឹក និង​ពិនិត្យ​ការសាងសង់​លំនៅរដ្ឋាន​កងទ័ព​នៅ​តំបន់​អូរ​កូន​តឹង។

អូរកូនតឹង​គឺជា​តំបន់​មួយ​នៅក្បែរ​ព្រំប្រទល់​កម្ពុជា​ថៃ​ ក្នុង​តំបន់​យោធភូមិភាគទី ៤។ ទីបញ្ជាការ​កណ្ដាល​អូរ​កូនតឹង ចាប់ផ្ដើមរៀបចំនៅឆ្នាំ ២០០៨ នៅពេល​ប្រទេសថៃបាន​បញ្ជូនទាហាន​មក​រំលោភលើ​បូរណភាពទឹកដី​នៃ​កម្ពុជា។ ទីបញ្ជាការអូរកូនតឹង​ត្រូវ​បាន​បង្កើតឡើង​ដើម្បីជា​ទី​បញ្ជាការ​យុទ្ធសាស្រ្ត​យូរអង្វែង  កន្លែង​ធានារហ័ស​ដល់​សមរភូមិ   កន្លែងហ្វឹកហ្វឺន​ពង្រឹងកម្លាំង  កន្លែង​កងទ័ព​សម្រាក​​សម្រាប់​ចល័ត​អន្តរាគមន៍   សម្រាប់​ដោះស្រាយ​គោលនយោបាយ​ដល់​គ្រួសារ​កងទ័ព​ក្រីក្រ​រស់នៅ។

ដើម្បីរៀបចំ​តំបន់​គ្រួសារ​កងទ័ព​យោធភូមិភាគទី ៤  ថ្នាក់ដឹកនាំ​តំបន់​នៅ​បាន​ព្យាយាម​ប្រើប្រាស់​ថវិកា​ក្រសួងការពារពារ​ផង  ​ម្ចាស់ការ​ខ្លួនឯងផង  សុំជំនួយពី​យោធភូមិ ៧ នៃ​កងទ័ព​ប្រជាជន​វៀតណាមសាងសង់​ផ្លូវ​គ្រួស​ក្រហមមួយខ្សែ  និងសុំជំនួយពី​យោធភូមិ ៥ នៃ​កងទ័ព​ប្រជាជន​វៀតណាមសាងសង់​ទំបន់​បង្ហៀរ​ទឹក​មួយ​កន្លែង។

ផ្លូវគ្រួសក្រហមនេះ​មាន​ប្រវែង ១៥.០០០ ម៉ែត្រ​  ទទឹង ៧ ម៉ែត្រ  ចំណាយ​ថវិកា​អស់  ១៥០.០០០ ដុល្លារ។ សំណង់ទំនប់​បង្ហៀរ​ទឹកមាន​ប្រវែង ៥០០ ម៉ែត្រ  តួសំណង់បង្ហៀរ ៦៧ ម៉ែត្រ   មុខ​បង្ហៀរ ៤៨​ម   ខ្នងលើ ៦ ម៉ែត្រ   កម្ពស់ ០.៥ ម៉ែត្រ និង​អាច​ស្តុកទឹកបាន  ៥៥០.០០០ ម៉ែត្រគូប។

ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍន៍​លំនៅដ្ឋាន​ជូន​គ្រួសារ​យោធិន  ឧត្តម​សេនីយឯក ជា ម៉ន មេបញ្ជាការរងកងទ័ព​​ជើងគោក​បាន​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន ២៥.០០០ ដុល្លារ    សម្ដេចក្រឡាហោម ស ខេង ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​បរិច្ចាគ ស័ង្កសី ១០.០០០ សន្លឹក   នាយឧត្តម​សេនីយ ប៉ុល សារឿន អគ្គ​មេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ បរិច្ចាគស័ង្កសី ៥.០០០ សន្លឹក។ បច្ចុប្បន្ន​គេបាន​សាងសង់ផ្ទះ​រួច ៩៣ ខ្នង និង​សល់ផ្ទះ ៦៣ ខ្នង​ទៀត។

នាយឧត្តម​សេនីយ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​បាន​សម្ដែ​នូវ​ការ​កោតសរសើរ​ចំពោះសមិទ្ធផល​ទាំងអស់​និង​អរគុណ​ចំពោះ​សណ្ដានចិត្ត​សប្បុរស​ជន​។ ជា​ពិសេស​​ ឯកឧត្តម​សម្ដែងការ​រំភើប​ចំពោះ​ការ​ចេះ​សហការ ជួយគ្នា​ក្នុង​គ្រា​លំបាក ដោះស្រាយ​កង្វះខាត​ទឹក​ប្រើប្រាស់​ជូន​ប្រជាពលរដ្ឋ​ទូទៅ ដែលទាំងអស់​នេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​​និង​យោធិន​គ្រប់រូប​កាន់តែ​មាន​សេចក្ដីរាប់អាន​គ្នា ជឿជាក់គ្នា និងកិច្ចការពារ​និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ពិតប្រាកដ។

គួរ​កត់សម្គាល់ផងដែរថា ថ្មីៗនេះ អគ្គនាយកដ្ឋាន​ភស្តុភារ​និង​ហិរញ្ញវត្ថុ​ក្រសួងការពារជាតិ ត្រូវ​បាន​ដឹកនាំ​បញ្ជាផ្ទាល់​ពីនាយ​ឧត្តម​សេនីយ​ ស៊ុំ សំណាង អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ​និង​ហិរញ្ញវត្ថុ​​ដើម្បី​ដឹកទឹក បូមទឹក​ជូន​ប្រជាជន​នៅតាម​បណ្ដាខេត្ត​ដែល​ខ្វះ​ទឹកប្រើប្រាស់ផងដែរ។