កងពលតូច ៩៩ បូកសរុបលទ្ធផលដឹកជញ្ជូនទឹកជូនប្រជាពលរដ្ឋ
កាលពីព្រឹកថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០១៦ កងពលតូចដឹកជញ្ជូនលេខ ៩៩ ចំណុះអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុនៃក្រសួងការពារជាតិកម្ពុជា បានធ្វើការបូកសរុបលទ្ធផលដឹកជញ្ជូនទឹកជូនប្រជាពលរដ្ឋក្នុងគ្រោះរាំងស្ងួត ក្នុងឆ្នាំ២០១៦ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ ម៉ឹង សំផន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសង្រ្គោះបន្ទាន់ ក្រសួងការពារជាតិ និងតំណាងក្រុមហ៊ុនសូគីម៉ិច និងក្រុមហ៊ុនម៉ែន សារុន។
ឧត្តមសេនីយទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ ៩៩ បានមានប្រសាសន៍ថា អនុវត្តតាមអនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងតាមបទបញ្ជារបស់ក្រសួងការពារជាតិ នៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០១៦ កងពលតូចបានរៀបចំរថយន្តដុងហ្វឹង ១០០ គ្រឿង បំពាក់ស៊ីទែននៅគ្រប់រថយន្ត និងចាប់ផ្ដើមចេញដំណើរជាបណ្ដើរៗ ដោយចាប់ផ្ដើមជួយប្រជាពរដ្ឋនៅខេត្តបន្ទាយមានជ័យមុនគេ និងពង្រីកទៅដល់ ៩ ខេត្តផ្សេងទៀតដែលជួបប្រទះភាពរាំងស្ងួត។
លទ្ធផលនៃសកម្មភាពមនុស្សធម៌នេះបានជួយដល់ប្រជាជនចំនួន ១០០.៦១០ គ្រួសារ ៣៣ ស្រុក នៃខេត្តតាកែវ ខេត្តសៀមរាប ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តកំពង់ធំ ខេត្តប៉ៃលិន ខេត្តពោធិសាត់ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។ ខេត្តខ្លះក្នុងចំណោមខេត្តទាំងនេះ មានប្រភពទឹកនៅឆ្ងាយ ឬរីងប្រភពទឹក ហេតុនេះសកម្មភាពជួយដឹកជញ្ជូនទឹកបាននាំមកការដោះស្រាយមួយដ៏សំខាន់ក្នុងពេលចាំបាច់ ហើយប្រជាពលរដ្ឋមានសេចក្ដីរំភើបជាទីបំផុតចំពោះវត្តមាននៃកងទ័ព។
ឧត្តមសេនីយទោ ហ៊ុល សំអុន បានបន្តថា នៅក្នុងប្រតិបត្តិការសង្រ្គោះនេះ ឯកឧត្តមនាយឧត្តមសេនីយស៊ុំ សំណាង អគ្គនាយកភស្តុភារនិងហិរញ្ញវត្ថុនៃក្រសួងការពារជាតិបានដឹកនាំ បញ្ជាដោយផ្ទាល់និងណែនាំឲ្យអង្គភាពត្រៀមជាមុន ព្រមទាំងបានឧបត្ថម្ភដល់កងពលតូចនូវការស្នាក់នៅ ហូបចុក គាំទ្រដោយនាយកដ្ឋានជំនាញ ជាពិសេសបានអំពាវនាវ ទទួលការឧបត្ថម្ភជាស៊ីទែនទឹកពីក្រុមហ៊ុនសូគីម៉ិច ១០០ គ្រឿង ម៉ាស៊ីនបូមទឹក ៣០ គ្រឿង និងក្រុមហ៊ុនម៉ែន សារុន នូវស៊ីទែនទឹក ១៥ គ្រឿង ទុយោទឹក ២.៨០០ ម៉ែត្រ ។ ទន្ទឹមនេះ ឯកឧត្តមនាយឧត្តមសេនីយ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួង ក៏បានចុះដល់ទីកន្លែងចែកទឹក ធ្វើឲ្យលទ្ធផលទទួលបាន ជាទីមោទនៈ។