បុគ្គលិកសុខាភិបាលក្រសួងការពារជាតិចូលរួមប្រតិបត្តិការមនុស្សធម៌ប៉ាស៊ីហ្វិក អ៊ែនជែល ១៦
បុគ្គលិកនាយកដ្ឋានសុខាភិបាលនៃក្រសួងការពារជាតិកម្ពុជាបានចូលរួមក្នុងប្រតិបត្តិការមនុស្សធម៌ដែលមានឈ្មោះថា ប៉ាស៊ីហ្វិក អ៊ែនជែល ១៦ កាលពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០១៦។
ចាប់ពីថ្ងៃទី ១១ ដល់ ១៥ ខែមិថុនា ឆ្នាំ២០១៦ ក្រុមការងារបានផ្តល់សេវាព្យាបាលដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនៅអនុវិទ្យាល័យអង្គជុំត្រពាំងឈូក ស្រុកឈូក ខេត្តកំពត។ សមាសភាពចូលរួមក្នុងប្រតិបត្តិការនេះរួមមាន មកពីនាយកដ្ឋានសុខាភិបាលក្រសួងការពារជាតិ មន្ទីរពេទ្យព្រះកេតុមាលា តំបន់ប្រតិបត្តិការសឹករងកំពត កងទ័ពអាមេរិក អូស្រ្តាលី ថៃ វៀតណាម អង្គការ Hope កាកបាទក្រហមកម្ពុជា និងមន្ទីរសុខាភិបាលខេត្តកំពត។
ក្នុងពេលបំពេញសកម្មភាពមនុស្សធម៌នេះ ក្រុមការងារក៏បានពិនិត្យព្យាបាលជំងឺទូទៅ សុខភាពមាត់ធ្មេញ ភ្នែក និងបំពេញការងារសំណង់ផ្សេងៗទៀតសម្រាប់ប្រជាជនក្នុងមូលដ្ឋាន។
សកម្មភាពមនុស្សធម៌ដូច្នេះ អនុញ្ញាតឲ្យក្រុមការងារទាំងអស់មានឱកាសចេញមកធ្វើការរួមគ្នាក្នុងចំណោមកម្លាំងនៃប្រទេសម្ចាស់ផ្ទះផង និងកងទ័ពមកពីបណ្ដាប្រទេសនានាផងដែរ ដើម្បីជាការហ្វឹកហាត់សម្រាប់ការឆ្លើយតបគ្រោះមហន្តរាយរួមគ្នាដែលអាចកើតមាន។ ក្រុមការងារបានផ្លាស់ប្ដូរបទពិសោធន៍ ពង្រឹងជំនាញ បច្ចេកទេស និងនីតិវិធីសម្រាប់បំពេញការងារ។
សកម្មភាពប៉ាស៊ីហ្វិក អ៊ែនជែលរបស់សហរដ្ឋអាមេរិក បានចាប់ផ្ដើមដំណើរការតាំងពីឆ្នាំ ២០០៧ មក ដែលក្នុងនោះបេសកកម្មមានគោលបំណងធ្វើការត្រៀមដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយឲ្យបានឆាប់រហ័ស និងធ្វើសកម្មភាពស្តារឡើងវិញ តាមរយៈកិច្ចសហប្រតិបត្តិការ ការផ្ដល់ឧបករណ៍ ការបណ្ដុះបណ្ដាលផ្លាស់ប្ដូរបទពិសោធន៍ផ្នែកសុខាភិបាលនិងវិស្វកម្ម។