ក្រុមសុខាភិបាលពិនិត្យនិងព្យាបាលជូនប្រជាពលរដ្ឋនាពេលចូលឆ្នាំ ២០១៧
កាលពីដើមខែមេសា ឆ្នាំ ២០១៧ កន្លងមកនេះ ក្រុមពេទ្យចល័តនៃនាយកដ្ឋានសុខាភិបាល បានចុះធ្វើសកម្មភាពមនុស្សធម៌ ពិនិត្យនិងព្យាបាលជំងឺជូនប្រជាជននៅតំបន់ក្បែរព្រំដែនកម្ពុជា ថៃ ស្របពេលដែលមានការចុះសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំក្រសួងការពារជាតិ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ការចុះពិនិត្យព្យាបាលនេះ គឺជាសកម្មភាពមនុស្សធម៌ដែលក្រុមសុខាភិបាលតែងផ្ដល់ជូនប្រជាពលរដ្ឋទូទៅនិងគ្រួសារទ័ព ដើម្បីផ្សារភ្ជាប់មនោសញ្ចេតនា សេចក្ដីស្រលាញ់ ជាមួយប្រជាពលរដ្ឋ និងកងយោធពលខេមរភូមិន្ទ។
ជាលទ្ធផលនៃសកម្មភាបនេះ ក្រុមគ្រួពេទ្យបានព្យាបាលជូនអ្នកជំងឺ ៥៥៣ នាក់ (ប្រុស ១៨៥ និងស្រី ៣៦៨ នាក់) ក្នុងនោះមានវះកាត់តូច ៩ នាក់ អេកូសាស្រ្ត ២៣ នាក់ សុខភាពមាត់ធ្មេញ ៤០ នាក់ ការពិនិត្យភ្នែក ៣៦ នាក់ និងសុខភាពទូទៅ ៤៤៥ នាក់។
នាពេលអនុវត្តសកម្មភាពនេះ នាយឧត្តមសេនីយ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងនាយឧត្តមសេនីយ ស៊ុំ សំណាង អគ្គនាយកភស្តុភារ-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ ក៏បានអញ្ជើញចុះត្រួតពិនិត្យសកម្មភាពមនុស្សធម៌នេះផងដែរ ដែលធ្វើឲ្យប្រជាពលរដ្ឋនិងក្រុមការងារទាំងអស់ កាន់តែទទួលបាននូវភាពស្និទស្នាលដ៏ជ្រាលជ្រៅថែមទៀត។