បេសកកម្មអប់រំអំពីឧបករណ៍ពេទ្យទំនើបបានបញ្ចប់
ក្រុមគ្រូពេទ្យឬវេជ្ជបណ្ឌិតនៃកងទ័ពរំដោះប្រជាជនចិនតែងចុះមកបំពេញបេសកកម្មជាហូរហែនៅមន្ទីរពេទ្យព្រះកេតុមាលា ដែលជាមន្ទីរពេទ្យធំរបស់កងយោធពលខេមរភូមិន្ទ មានទីតាំងនៅរាជធានីភ្នំពេញ។
បេសកកម្មតែងមានគោលបំណងពង្រឹងសមត្ថភាពព្យាបាល ហើយកាលពីពេលថ្មីៗនេះ ក្រុមគ្រូពេទ្យមួយក្រុមទៀត បានចុះមកបំពេញបេសកកម្មបង្រៀនអំពីរបៀបប្រើប្រាស់ឧបករណ៍វេជ្ជសាស្រ្តថ្មីដល់ក្រុមគ្រូពេទ្យប្រចាំនៅមន្ទីរពេទ្យព្រះកេតុមាលាជាថ្មីម្ដងទៀត។
កាលថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០១៨ កន្លងមកនេះ មន្ទីរពេទ្យព្រះកេតុមាលាបានរៀបចំពិធីបំពាក់មេដាយ និង ជូនលិខិតសរសើរដល់ក្រុមគ្រូពេទ្យដែលបានបញ្ចប់បេសកកម្មជួយព្យាបាលជំងឺ និង បណ្តុះបណ្តាល ក្រុមគ្រូពេទ្យឯកទេសកម្ពុជាមួយចំនួនដើម្បីឲ្យប្រើប្រាស់ឧបករណ៍ទំនើបៗ ដែលជាជំនួយរបស់សាធារណៈរដ្ឋប្រជាមានិតចិន។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ពេជ្រ ឈឿន អគ្គនាយករង អគ្គនាយកដ្ឋានភស្តុភារហិរញ្ញវត្ថុ ឯកឧត្តមឧត្តមសេនីយ៍ឯក លី សុវណ្ណ អគ្គនាយករងអគ្គនាយកដ្ឋានភស្តុភារហិរញ្ញវត្ថុ និងជានាយកមន្ទីរពេទ្យព្រះកេតុមាលា ហើយភាគីចិនមានលោក វរសេនីយ៍ឯកពិសេស លី នីងយ៉ា អនុព័នយោធា នៃកងទ័ពរំដោះប្រជាជនចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។