នាយឧត្តមសេនីយស៊ុំ សំណាងអញ្ជើញសួរសុខទុក្ខ និងជូនពរនៅអនុព័ន្ធយោធាចិន
ព្រឹកថ្ងៃអង្គារ ៩ រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែ មករា ឆ្នាំ២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ ស៊ុំ សំណាង អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារហិរញ្ញវត្ថុ និង សហការី បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី ប្រពៃណីចិន ដល់អនុព័ន្ធយោធា នៃកងទ័ពរំដោះប្រជាជនចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។
ក្នុងឱកាសសំណេះសំណាល លោក វរសេនីយ៍ឯក LI NINGYA ប្រធានអនុព័ន្ធយោធា បានថ្លែងអំណរគុណ និង ជម្រាបដល់គណៈប្រតិភូយើងថា រដ្ឋាភិបាល កងទ័ព និង ប្រជាជនចិន គាំទ្រជានិច្ចដល់បុព្វហេតុ ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ចំណងមិត្តភាព សាមគ្គីភាពរវាង ប្រទេសយើងទាំងពីរ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរឹងមាំ ដោយឈរលើគោលការណ៍ សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។
កន្លងទៅថ្មីៗនេះ ក្នុងជំនួបទ្វេភាគីរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រដ្ឋាភិបាលចិន បានសន្យាជួយទិញអង្ករពីប្រទេសកម្ពុជា ចំនួន ៤០០.០០០តោន ក្នុងមួយឆ្នាំៗ ដើម្បីទប់ទល់ទៅនឹងអ្វី ដែលប្រទេសខ្លះនៅអឺរ៉ុប មានឥរិយាបថមិនល្អចំពោះប្រទេសកម្ពុជា។
ទន្ទឹមនេះ កងទ័ពប្រជាជនចិននៅតែបន្តជួយដល់កងយោធពលខេមរភូមិន្ទ លើគ្រប់វិស័យ ដើម្បីពង្រឹងសមត្ថភាព ក្នុងកិច្ចការ ការពារជាតិ បូរណភាពដែនដី និង ការអភិវឌ្ឍ ក្នុងប្រទេសកម្ពុជា ។