កងពលតូចដឹកជញ្ជូនលេខ៩៩ ត្រៀម​ចូលរួម​​ឆ្លើយ​តប​នឹង​បាតុភូត​អ៊ែល នីនូ

ព្រឹក​ថ្ងៃ​ចន្ទ ៧កើត ខែបុស្ស សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩៖ ក្រោយ​ពី​បាន​ទទួល​បទ​បញ្ជា​ពី​នាយ​ឧត្តម​សេនីយ៍ ស៊ុំ សំណាង អគ្គនាយក​នៃ អគ្គនាយកដ្ឋាន​ភស្តុភារ-ហិរញ្ញវត្ថុ កង​ពល​តូច​ដឹកជញ្ជូនលេខ៩៩ បាន​រៀបចំ​ត្រៀម​លក្ខណៈ ឧបករណ៍ មធ្យោបាយ បូម និង ដឹក​ជញ្ជូន​ទឹក​ដើម្បី​ចុះ​ជួយ​ប្រជាពលរដ្ឋ​ដែល​ក្នុង​ភូមិសាស្ត្រ​ខ្លះៗ​ដែល​អាច​នឹង​ជួប​គ្រោះ​រាំងស្ងួត ខ្វះ​ទឹក​ប្រើប្រាស់​ក្នុង​ពេល​ខាង​មុខ​នេះ។

ថ្មី​ៗ​នេះ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​បាន​ធ្វើ​ការ​ព្យាករណ៍​ថា ព្រះ​រាជា​ណា​ចក្រ​កម្ពុជា អាច​នឹង​ជួប​អាកាសធាតុ​ក្តៅ​ខុស​ពី​ធម្មតា ដោយ​សារ​រង​ឥទ្ធិពល​បាតុភូត​អ៊ែល នីនូ។ បាតុភូត​នេះ​នឹង​ធ្វើ​ឲ្យ​ក្ដៅ​ខ្លាំង​ ជាពិសេស​ខែ​មេសា និង​ឧសភា ឆ្នាំ ២០១៩ ខាងមុខនេះ។

ជា​វិធានការ​ត្រៀម​ឆ្លើយ​តប កងពលតូច​បាន​ត្រួត​ពិនិត្យ​ឡើង​វិញ​នូវ​សម្ភារ​បូមទឹក ម៉ាស៊ីន ទុយយោ រថយន្ត ប្រេង​ឥន្ធនៈ ព្រមទាំង​ក្រុម​ការងារ​សង្រ្គោះ ក្នុង​ករណី​បាតុភូត​នេះ​កើតមាន​មែន។

ទោះយ៉ាងណា ការត្រៀម​បម្រុង​នេះ ក៏ធ្លាប់បាន​ធ្វើកន្លងមក និង​តែង​បាន​ចុះ​អន្តរាគមន៍​តាម​សេចក្ដីត្រូវ​ការ​ជាក់​ស្ដែង​កន្លងមកដែរ។