សុខាភិបាលយោធាកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃសន្និសីទសុខាភិបាលយោធាអាស៊ានលើកទី ៩
នាយកដ្ឋានសុខាភិបាល នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៃក្រសួងការពារជាតិ បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំសន្និសីទ មេបញ្ជាការសុខាភិបាលយោធា អាស៊ានលើកទី៩ ក្រោមមូលបទស្តីពី «ផលប៉ះពាល់ និងប្រសិទ្ធភាពនៃការឆ្លើយតបចំពោះគ្រោះមហន្តរាយ ក្នុងវេជ្ជសាស្រ្តយោធា» នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៤ ដល់ ២៧ ខែមិថុនា ឆ្នាំ ២០១៩។
ប្រធានប្រតិភូសុខាភិបាលនៃប្រទេសទាំងដប់បានបង្ហាញសកម្មភាពសុខាភិបាលរៀងខ្លួន និងពិភាក្សាកិច្ចការសហការគ្នាតាមបណ្ដាប្រទេស ស្របពេលដែលនាយទាហានសុខាភិបាលវ័យក្មេងបង្ហាញអំពីបទពិសោធន៍គ្នាទៅវិញទៅមក។
ទន្ទឹមនេះសមាជិកសិក្ខាសាលាទាំងអស់ក៏បានចែករំលែកចំណេះដឹង បទពិសោធន៍ការងារ បន្តការពិភាក្សាដែលសេសសល់ពីលើកមុនៗ និងផ្ដល់ព័ត៌មានគ្នាទៅវិញទៅមកជាបន្តបន្ទាប់នៅចន្លោះសិក្ខាសាលា។
ក្នុងពេលមកចូលរួមក្នុងអង្គសន្និសីទលើកទី ៩ នេះ ប្រតិភូតាមបណ្ដាប្រទេសក៏បានឆ្លៀតពេលធ្វើទស្សនកិច្ចទៅមន្ទីរពេទ្យព្រះកេតុមាលា ព្រះបរមរាជវាំង សារមន្ទីរជាតិ និងវិមានឈ្នះឈ្នះផងដែរ។
មុនសន្និសីទលើកទី ៩ នៅព្រះរាជាណាចក្រកម្ពុជា សន្និសីទចំនួន ៨ លើកត្រូវបានរៀបចំធ្វើឡើងនៅតាមប្រទេសនានា ក្រោមប្រធានបទផ្សេងៗគ្នា រួមមាន៖
លើកទី ១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០១១ ក្រោមប្រធានបទ “កិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលយោធាអាស៊ានឆ្ពោះទៅអនាគត”។
លើកទី ២ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី ២៣ ដល់ ២៦ ខែមេសា ឆ្នាំ ២០១២ ក្រុមប្រធានបទ “ការពង្រឹងកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលយោធាអាស៊ាន ដើម្បីបង្កើនចំណេះដឹងដល់អ្នកវិជ្ជាជីវៈវេជ្ជសាស្រ្ត”។
លើកទី ៣ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី ៧ ដល់ ១១ ខែមេសា ឆ្នាំ ២០១៣ ក្រោមប្រធានបទ “ការផ្ទុះឡើងនូវជំងឺឆ្លង”។
លើកទី ៤ នៅទីក្រុងបានដារសេរីបេហ្កាវ៉ាន់ ប្រទេសប្រុយណេ ថ្ងៃទី ១៩ ដល់ ២០ ខែឧសភា ឆ្នាំ ២០១៤ ក្រោមប្រធានបទ “ការបង្កើនកិច្ចសហប្រតិបត្តិការវិស័យយោធាអាស៊ានតាមរយៈការស្រាវជ្រាវរបស់ផ្នែកសុខាភិបាលយោធា”។
លើកទី ៥ នៅទីក្រុងណៃពិដោ ប្រទេសភូមា ថ្ងៃទី ២៧ ខែមេសា ដល់ថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០១៥ ក្រោមប្រធានបទ “សេវាសុខាភិបាលយោធា និងអត្ថប្រយោជន៍សម្រាប់សហគមន៍”។
លើកទី ៦ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ថ្ងៃទី ១១ ដល់ ១៣ ខែកក្កដា ឆ្នាំ ២០១៦ ក្រោមប្រធានបទ “ការប្រែប្រួលអាកាសធាតុទូទៅ និងបញ្ហាប្រឈមរបស់វិស័យសុខាភិបាលយោធាអាស៊ាន”។
លើកទី ៧ នៅទីក្រុងវៀងច័ន្ទ សាធារណរដ្ឋប្រជាមានិតឡាវ ថ្ងៃទី ១១ ដល់ ១៥ ខែកក្កដា ឆ្នាំ ២០១៧ ក្រោមប្រធានបទ “ការពង្រឹងកិច្ចសហប្រតិបត្តិការរបស់វិស័យសុខាភិបាលយោធាអាស៊ានក្នុងការសង្រ្គោះក្នុងគ្រោះមហន្តរាយ”។
លើកទី ៨ នៅប្រទេសសឹង្ហបុរី ថ្ងៃទី ៩ ដល់ ១១ ខែឧសភា ឆ្នាំ ២០១៨ ក្រោមប្រធានបទ “បញ្ហាប្រឈមដែលកើតមានក្នុងវិស័យសុខាភិបាលយោធា”។
ជាចុងក្រោយ ឧត្តមសេនីយឯក គង់ សាលី ប្រធាននាយកដ្ឋានសុខាភិបាល នៃអគ្គនាយកដ្ឋានភស្តុភារ-ហិរញ្ញវត្ថុ ក្រសួងការពារជាតិបានប្រគល់ទង់ប្រធានសន្និសីទលើកទី ១០ ទៅដល់ប្រតិភូនៃព្រះរាជាណាចក្រថៃ ដើម្បីធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ ២០២០ ខាងមុខនេះ។