កម្លាំងអន្តរាគមន៍ភូមិភាគ ១ ចូលរួមជួយសង្រ្គោះនៅស្រុកលំផាត
កម្លាំងអន្តរាគមន៍របស់យោធភូមិភាគទី ១ បានយក អូប៊រ ទៅដឹកជញ្ជូនប្រជាពលរដ្ឋចំនួន ៣ ភូមិ មានភូមិលំផាត់ ភូមិអូរកាន និងភូមិស្រែឈូក នៃស្រុកលំផាត់ ខេត្តរតនគិរី ជន្លៀសប្រជាជន រួមទាំងសម្ភារ ម៉ូតូ ស្រូវអង្កររបស់ប្រជាពលរដ្ឋ។
ទឹកជំនន់នៅទីនេះបានប៉ះពាល់ផ្ទះសម្បែងចំនួន ១០០០ គ្រួសារ ហើយក្នុងនោះមានផ្ទះខ្លះទឹកលិចដល់ដំបូលផ្ទះតែម្តង ។
នៅតាមតំបន់ខ្លះ ទឹកបានស្រកមកវិញ ហេតុនេះកម្លាំងអន្តរាគមន៍បានជួយសម្រួលឲ្យប្រជាជនធ្វើដំណើរវិលទៅផ្ទះវិញផងដែរ។
កម្លាំងសឹករងខេត្តរតនគីរី នៅបន្តឈរជើងប្រចាំការ ដើម្បីបន្តជួយសម្រួលដល់ការដឹកជញ្ជូន ការព្យាបាលដល់អ្នកជំងឺ ជាពិសេសចាស់ជរា។
ទឹកជំនន់នេះបណ្ដាលមកពីឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប និងខ្យល់មូសុងនិរតីខ្លាំង នៅប្រទេសកម្ពុជា។ នៅខេត្តរតនគិរី តាមរយៈទន្លេស្រែពកក៏រងទទួលទឹកភ្លៀងពីប្រទេសវៀតណាម ដែលធ្វើឲ្យទឹកទន្លេឡើងយ៉ាងគំហុក បណ្ដាលឲ្យមានការប៉ះពាល់ដល់ស្រុកកូនមុំ និងស្រុកលំផាត់។