មន្ទីរពេទ្យព្រះកេតុមាលាផ្សព្វផ្សាយវិធីបង្ការ Covid-19

ព្រឹកថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២០ នៅមន្ទីរពេទ្យយោធាព្រះកេតុមាលា ក្រុងភ្នំពេញ មានបើកការផ្សព្វផ្សាយ អំពីវិធីការពារនិងទប់ទល់មេរោគ កូរូណាវីរុស ឬ Covid-19 ដែលធ្វើបទបង្ហាញដោយ ក្រុមវេជ្ជបណ្ឌិតមកពីកងទ័ពរំដោះប្រជាជនចិន ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក គង់ សាលី អគ្គនាយករង អគ្គនាយកដ្ឋានភស្តុភារហិរញ្ញវត្ថុ នាយក នាយកដ្ឋានសុខាភិបាលនិង ឧត្តមសេនីយ៍ឯក លី សុវណ្ណ អគ្គនាយករង នាយក មន្ទីរពេទ្យព្រះកេតុមាលា ។

ក្នុងខ្លឹមសារនៃបទបង្ហាញ លោកវរៈសេនីយឯក វេជ្ជបណ្ឌិត ឈាង ឆេហ្វ ពីកងទ័ពរំដោះប្រជាជនចិន ជម្រាបជូនដល់នាយទាហាននិងបុគ្គលិកពេទ្យទាំងអស់ដែលមកពីបណ្តាអង្គភាព ក្នុងកងយោធពលខេរភូមិន្ទទាំង ១៦៤ នាក់ចូលរួមនេះជ្រាបថា ក្រុមលោកគឺជាក្រុមទី១ហើយដែលរៀបចំឡើងដើម្បីមកជួយប្រទេសកម្ពុជាជាបងប្អូនបន្ទាប់ពីប្រទេសចិនទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ។ លោកបានជម្រាបបន្តរទៀតថា ជំងឺ Covid-19 នេះជាជំងឺដែលសាហាវបំផុតក្នុងសតវត្សយើងនេះ តែជំងឺនេះយើងអាចព្យាបាលជា នៅពេលដែលយើងទាំងអស់គ្នាគោរព និង អនុវត្តបាននូវវិធីសាស្ត្រសំខាន់៣ដូចខាងក្រោមនេះ។
១-ត្រូវគ្រប់គ្រងអ្នកឆ្លងជំងឺឲ្យបាន ( ទុកពួកគេដោយឡែក) តាមរកអោយឃើញអ្នកដែលមានទំនាក់ទំនងកន្លងមក ក្រុងពួកគេមួយរយៈដើម្បីតាមដានការវិវត្តរបស់ជំងឺ ។
២-ត្រូវកាត់ផ្តាច់ការចំលងបន្ត ដែលគ្រប់គ្នាត្រូវពាក់ម៉ាស រក្សាអនាម័យជាប្រចាំ ។
៣-ការពារមន្ត្រីសុខាភិបាលជួរមុខឲ្យបាន ដោយប្រើប្រាស់ សម្ភារៈឧបករណ៍ សម្លៀកបំពាក់ ត្រឹមត្រូវទៅតាមលក្ខណៈបច្ចេកទេស ។

ក្រៅពីនេះនៅមានវិធីសាស្ត្រជាច្រើនទៀតដែលលោកបានពន្យល់ណែនាំដល់មន្ត្រីសុខាភិបាលយោធាយើងអោយយល់ និងកុំទ្វេសប្រហែសជាមួយជំងឺនេះ ពេលត្រឡប់ទៅកាន់អង្គភាពវិញត្រូវអនុវត្តឲ្យបាននូវវិធានការសំខាន់ៗដូចបានជម្រាបជូន ។

ជាចុងក្រោយលោកបានបញ្ជាក់ថា ប្រទេសចិននឹងបន្តជួយកម្ពុជាជានិច្ចក្នុងកាលៈទេសៈណាក៏ដោយ។