កងពល ៩៩ កំពុងចូលរួមជួយសង្រ្គោះក្នុងព្រឹត្តិការណ៍ទឹកជំនន់
គិតត្រឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ កម្លាំងសង្គ្រោះរបស់កងពលតូចដឹកជញ្ជូនលេខ ៩៩ អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ បានចុះជួយប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅខាងត្បូងរាជធានីភ្នំពេញ ដោយប្រើប្រាស់កម្លាំងចំនួន១២០នាក់ រថយន្ត ១៨ គ្រឿង អូប័រ ១០ គ្រឿង ។
តំបន់ដែលរងគ្រោះខ្លាំងជាងគេ គឺនៅសង្កាត់សាក់សំពៅចំនួន ៦ភូមិ ក្នុងនោះមានភូមិពោធិធំ ៦៨គ្រួសារ ភូមិខ្វិត ១៧៤ គ្រួសារ ភូមិពារាម ៣៣ គ្រួសារ ភូមិក្រាំងតាផូ ៤៧ គ្រួសារ ភូមិសំបូរ ៤១គ្រួសារ និង ភូមិសាក់សំពៅ ៥៥ គ្រួសារ ។
ប្រជាពលរដ្ឋដែលត្រូវបានជួយសង្គ្រោះត្រូវបានដឹកយកមកកាន់ទីទួលសុវត្តិភាពផុតពីគ្រោះថ្នាក់ហើយ ។ ដោយឡែកចំពោះប្រជាពលរដ្ឋដែលនៅឆ្ងាយៗពីផ្លូវជាតិ កម្លាំងសង្រ្គោះកំពុងបន្តចុះស្វែងរកជាបន្តទៅទៀត ។
ក្រុមសង្រ្គោះក៏បានប្តូរមុខព្រួញសង្គ្រោះនៅថ្ងៃបន្ទាប់ពីផ្សារព្រែកជ្រៃ ទៅកាន់ តំបន់វត្តប្រធាតុវិញ ដោយសារនៅទីនេះសភាពការណ៍សង្គ្រោះមានការលំបាកជាងមុន ដោយទឹកក្នុងភូមិសាស្ត្រវត្តប្រធាតុជ្រៅជាងព្រែកជ្រៃ ម្យាងទៀតជាតំបន់ទឹកហូរខ្លាំងទៀតផង ។
ទន្ទឹមនេះ កងពលក៏ជួយសម្រួលដល់ការដឹកជញ្ជូនជនរងគ្រោះ អង្ករ និងទឹកពិសារសម្រាប់ផ្តល់ជូនតាមបណ្ដាខេត្តផងដែរ រួមមានខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ កណ្តាល និងរាជធានីភ្នំពេញ។