សប្បុរសជន ៦៥នាក់ផ្ដល់អំណោយកងទ័ពជួរមុខ

ព្រឹកថ្ងៃអាទិត្យ ២កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង០៨:៣០នាទីព្រឹក សប្បុរសជនចំនួន៦៥នាក់ បានផ្តល់អំណោយជាគ្រឿងឧបភោគ-បរិភោគ និងថ្នាំសង្កូវមួយចំនួន ជូនដល់កងទ័ពជួរមុខកម្ពុជា ដែលកំពុងប្រយុទ្ធការពារបូរណភាពទឹកដី តទល់នឹងកងទ័ពឈ្លានពានសៀម តាមរយៈឯកឧត្តម ឧត្តមសេនីយ៍ទោ សេង សំរិត អគ្គនាយករង អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ នាយក នាយកដ្ឋាន ផ្គត់ផ្គង់ ក្រសួងការពារជាតិ តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ ។

អំណោយរួមមាន៖

មីខ្លាឃុំ១០០កេស អង្ករ១តោន នំប៉័ងពងទា២៣កេស សៀង១០ប៊ីដុង ទឹកត្រី១០យួរ ទឹកស៊ីអ៊ីវ៤យួរ សាច់ជ្រូករំលីងរួច១៥០០គីឡូក្រាម(ស្មើនឹង-១២៧៨ប្រអប់) ឆៃប៉ូវ១០០គីឡូក្រាម ថ្នាំពេទ្យ៤៦០កញ្ចប់ និងថ្នាំធូបមូស១០កេស ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សេង សំរិត ក្នុងនាមឯកឧត្តម អគ្គនាយក ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន នៃនាយកដ្ឋានផ្គត់ផ្គង់ អគ្គនាយកដ្ឋាន ភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជន ដែលមានទឹកចិត្តសប្បុរស និង ទឹកចិត្តស្នេហាជាតិដ៏ស្មោះស ចូលរួមចំណែកការពារជាតិ ក្នុងគ្រាដែលប្រទេសជាតិកំពុងជួបប្រទះនឹងការ ឈ្លានពានពីសត្រូវ។ ឯកឧត្តមបានសន្យាថា នឹងនាំយកអំណោយដ៏ថ្លៃថ្លានេះ ទៅបែងចែក ប្រគល់ជូន ដល់ដៃកងទ័ពជួរមុខរបស់យើង។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សេង សំរិត ក៏បានជូនពរដល់ឯកឧត្តម លោក លោកស្រី ជាសប្បុរសជន សូមឲ្យឯកឧត្តម លោក លោកស្រី ទទួលបាននូវសុខភាពល្អបរិបូរ និងបានប្រកបដោយពុទ្ធពរទាំងបួន ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។