កងពលធំអន្តរាគមន៍លេខ ៣ ទទួលគ្រឿងចក្រនិងពូជស្រូវសម្រាប់បង្កបង្កើនផល - Department General of Logistics - Finance

កងពលធំអន្តរាគមន៍លេខ ៣ ទទួលគ្រឿងចក្រនិងពូជស្រូវសម្រាប់បង្កបង្កើនផល

កាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០១៥ កងពល​ធំ​អន្តរាគមន៍​​លេខ ៣ បាន​ទទួល​​គ្រឿង​ចក្រ​​និង​​ពូជ​ស្រូវ​សម្រាប់​​បង្ក​បង្កើន​​ផល​ពីក្រុមហ៊ុន​មែន សារុន និង​ក្រុម​ការងារ​​អន្តរក្រសួងបង្ក​បង្កើន​ផល​ទាន់​រដូវ​ភ្លៀង។

ដើម្បី​លើ​កកម្ពស់​ជីវភាព ​ការ​រស់នៅ​របស់​យោធិន និង​ក្រុមគ្រួសារយោធិន អគ្គនាយកដ្ឋាន​ភស្តុភារ​និង​ហិរញ្ញវត្ថុ​ក្រសួងការពារជាតិ​បាន​ជំរុញ​និង​បំផុស​ចលនា​ដាំដុះ​តាម​លក្ខណៈ​ភូមិសាស្រ្ត​ដែល​អំណោយ​ផល​ សំដៅ​បំពេញ​បន្ថែម​លើ​គោល​របប​ដែលបាន​ផ្ដល់ជូន​ដោយ​រាជរដ្ឋាភិបាល។

ទន្ទឹមនេះ​ អគ្គនាយកដ្ឋាន​ក៏បាន​សហការ​ជាមួយ​វិស័យឯកជន ពិសេស​ ក្រុមហ៊ុន ម៉ែន សារុន អាហរ័ណ នីហរ័ណ ដើម្បី​ផ្ដល់​នូវ​ឥណទាន​ឥតការប្រាក់​  គ្រឿង​ចក្រ​ឈូសឆាយ ព្រមទាំង​បាន​សហការជាមួយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រម៉ាញ់ និង​នេសាទផងដែរ។

នៅចន្លោះឆ្នាំ ២០១២ ដល់ ២០១៤ ក្រុមហ៊ុន ម៉ែន សារុន អាហរ័ណ នីហរ័ណ​បាន​ផ្ដល់​ឥណទាន​ដើម្បី​ដាំដុះ​លើ​ទឹកដី ២៤០​ ហិកតា ស្មើទឹកប្រាក់ ១២០.០០០ ដុល្លារ ហើយ​អង្គភាព​ក៏បាន​បង្វិល​ប្រាក់​ឥណទាន​រួចអស់ហើយ​ដែរ។ នៅ​ក្នុង​ជំហាន​ទី ២ នេះ ក្រុមហ៊ុន បាន​បង្កលទ្ធភាព​ដាំដុះ​ដល់​ ៤៥០ គ្រួសារ​បន្ថែមទៀត មួយគ្រួសារ​ទទួល​បានឥណទាន​ឥត​ការប្រាក់​ ៦០០ ដុល្លារ  ហើយ​នឹងសងបង្វិល​ឥណទាន​ទៅក្រុមហ៊ុន​វិញ​ក្នុង​រយៈពេលបីឆ្នាំ។

ឯកឧត្តម​ ឧត្តមសេនីយ៍ឯក ទេព សំអាន តំណាង​អគ្គនាយកដ្ឋាន​ភស្តុភារ​និង​ហិរញ្ញវត្ថុ​បាន​បន្ថែមថា កងពល​ធំ​អន្តរាគមន៍​​លេខ ៣ ក៏​ទទួល​បានអំណោយ​ជាពូជស្រូវ ៣០ តោន ស្មើ ៩០.០០០.០០០ រៀល​ពីសម្ដេច​តេជោ តាមរយៈឯកឧត្តម​​វង្សី វិស្សុត តំណាងដោយ​ឯកឧត្តម នូវ សុខ​សម្បត្តិ​ និង​ឯកឧត្តម​ ប្រាក់ ជាតិថូ នៃអគ្គនាយកដ្ឋាន​កសិកម្ម ហើយ​យោធិន និង​គ្រួសារ​យោធិន​បាន​សម្ដែង​ការ​ត្រេកអរ​បំផុត​ដែលបាន​ឃើញ​ប្រតិភូ​អន្តរ​ក្រសួង​យកចិត្ត​ទុកដាក់ដល់​ការបង្កបង្កើន​ផល​របស់​ពួកគាត់។

កន្លង​មកនេះ នាយឧត្តមសេនីយ​ ស៊ុំ សំណាង អគ្គនាយកភស្តុភារ​និង​ហិរញ្ញវត្ថុ​ ក្រសួង​ការពារ​ជាតិ​ តែ​ងបាន​ថ្លែង​អំពី​សារ​សំខាន់​នៃ​ចំណង​សម្ព័ន្ធភាព​រវាង​អង្គភាព​និង​វិស័យ​ឯកជន ហើយ​បាន​ជំរុញ​​ឲ្យ​បង្កើន​ទំនាក់ទំនង​ល្អ​ថែមទៀត​ដើម្បី​លើកកម្ពស់​ជីវភាព​កងទ័ព​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ជា​លំដាប់ និង​ជា​បន្ថែមទៀត​។