ឧត្តមសេនីយឯក ពេជ្រ ឈឿន នាំយកអំណោយទៅមណ្ឌល៣១៧ ភ្នំឆ័ត្រ - Department General of Logistics - Finance

ឧត្តមសេនីយឯក ពេជ្រ ឈឿន នាំយកអំណោយទៅមណ្ឌល៣១៧ ភ្នំឆ័ត្រ

កាលពីថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៥ ឧត្តមសេនីយឯក ពេជ្រ ឈឿន អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ បាន​នាំ​យក​អំណោយរបស់​​ឯកឧត្តម​ នាយ​ឧត្តម​សេនីយ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី​ក្រសួងការពារជាតិ​ទៅ​ចែកជូន​ដល់​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ ​៣១៧ ភ្នំឆ័ត្រ ស្ថិត​ក្នុង​ភូមិសាស្រ្ត ឃុំស្វាយចេក ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ។

អំណោយ​ដែលបាន​ចែក​ក្នុង​ពិធី​នោះ​រួម​មាន រថយន្តសង្គ្រោះ EVICO  យោធា​មួយ​គ្រឿង​របស់​ក្រសួង​ការពារ​ជាតិ​  ម៉ាស៊ីន​ដេរ​ប្រើជើង​និង​ម៉ូទ័រ១២ គ្រឿង ម៉ាស៊ីន​ផុង​ប្រើជើ​ង និងម៉ូទ័រ ៣ គ្រឿង ព្រមទាំង​សម្ភារ​សួនកុមារ មានដូចជា ទោងរំអិល ទោង​យោល ៥ គ្រឿង  កៅអីមូល​វិល និងកៅអីអង្គុយ​ដែលជា​អំណោយ​ផ្ទាល់ខ្លួន​របស់​ឯក​ឧត្តម​រដ្ឋមន្ត្រីផ្ទាល់។

អំណោយ​ទាំង​នេះ ត្រូវ​បាន​ផ្ដល់​ជូន​មជ្ឈ​មណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ ៣១៧ ភ្នំឆត្រតាម​ការ​ស្នើសុំរបស់លោក​នាយក​មណ្ឌល​ក្នុងឱកាស​ដែល​​ឯកឧត្តម​ឧបនាយករដ្ឋ​មន្រ្តី​ចុះសាកសួរ​ទុក្ខ​បងប្អូន​ពិការ​ក្នុងឱកាស​មុនពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​កន្លង​ទៅនេះ។

ឧត្តម​សេនីយឯក ពេជ្រ ឈឿន បាន​ក៏បាន​អញ្ជើញ​ចុះ​ពិនិត្យ​គិលានដ្ឋាន​របស់មជ្ឈ​មណ្ឌល និង​ស្វែងយល់​អំពី​ការរៀបចំ​សាងសង់​អគារព្យាបាល​ជំងឺ​តាម​សំណើររបស់លោក​ប្រធាន​មណ្ឌលដែ​លឯកឧត្តម​ ទៀ បាញ់ បាន​សម្រេច​ផ្ដល់​ជូន​នាពេលកន្លង​ទៅតាម​ការ​ស្នើសុំ​ដែរ ។ ឯកឧត្តម​បាន​មាន​ប្រសាសន៍ថា​​ថ្នាក់​ដឹកនាំ​តែងយ​ក​ចិត្ត ​ទុក​ដាក់ ជា​ពិសេស​ចំពោះ​ជីវភាព​រស់​នៅ​របស់បងប្អូន​យោធិន​ពិការ​​ដែលបាន​តស៊ូ​​ពុះពារ​ការពារ​ទឹកដី​នៃ​យើង។

មណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ ៣១៧ គេជោ ភ្នំឆត្រ ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ២០១២ លើ​ផ្ទៃដី ៣០០ ហិកតា ។ រហូតមកដល់បច្ចុប្បន្ននេះ មានផ្ទះស្នាក់នៅ ២៥០ ខ្នង បណ្តាញផ្លូវ​ក្នុង​មណ្ឌល អគារទីចាត់ការ សាលារៀន មណ្ឌល​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ព្រមទាំង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជាច្រើន​ទៀត សម្រាប់​យោធិនពិការ ២៦១ នាក់ ព្រមទាំងកូនប្រពន្ធសរុប ១.២៨៦ នាក់។