ក្រុម​ការងារ​អន្តរក្រសួង​​ផ្សព្វផ្សាយ​ការងារ​​សេដ្ឋកិច្ច​ និងត្រួត​ពិនិត្យ​ ជីវភាព​​នៅ​វិទ្យា​ស្ថាន​ជើង​គោក - Department General of Logistics - Finance

ក្រុម​ការងារ​អន្តរក្រសួង​​ផ្សព្វផ្សាយ​ការងារ​​សេដ្ឋកិច្ច​ និងត្រួត​ពិនិត្យ​ ជីវភាព​​នៅ​វិទ្យា​ស្ថាន​ជើង​គោក

កាល​ពី​ថ្ងៃទី៤ ខែសីហា ឆ្នាំ ២០១៥​ កន្លងទៅនេះ នាយ​ឧត្ដម​សេនីយ៍​ ស៊ុំ សំណាង អគ្គនាយក ​នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ​ ក្រសួង​ការពារ​ជាតិ ឯក​ឧត្ដម វង្សី វិស្សុត រដ្ឋ​លេខា ​ធិការ​ក្រសួង​សេដ្ឋកិច្ច​​- ហិរញ្ញវត្តុ និង​ឧត្ដម​សេនីយ៍​ឯក​ ហ៊ុន ម៉ាណែត នាយ​រង​សេនាធិការ​ ចម្រុះ​អគ្គ​បញ្ជា​ការ​ ខ.ភ.ម​​​ និង​​ជា​មេ​បញ្ជាការ​រង​កងទ័ព​ជើងគោក​ បាន​អញ្ជើញ​ចុះ​ផ្សព្វផ្សាយ​ ការងារ​សេដ្ឋកិច្ច និង​ត្រួត​ពិនិត្យ​ជីវភាព​របស់​នៅ​របស់​យោធិន​និង​សិក្ខាកាម​នៅ​វិទ្យាស្ថាន​ ជើងគោក។

មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​ចូលរួម​ជាង​មួយ​ពាន់​នាក់ ឧត្តម​សេនីយឯក ហ៊ុន ម៉ាណែត បាន ​លើក​ឡើង​ថា កងទ័ព​គឺជា​កម្លាំង​ដ៏​មុត​ស្រួច​ក្នុង​ការ​ចូល​រួម​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ជាមួយ​រាជ​រដ្ឋាភិបាល និង​​ជា​កម្លាំង​អន្តរាគមន៍​ដ៏​រហ័ស​ក្នុង​ការ​ជួយ​ប្រជាពលរដ្ឋ​ដែល​ជួប​គ្រោះ​ទឹក ជំនន់ ខ្យល់ព្យុះ និង​គ្រោះ​មហន្តរាយ​នានា​។

ឯក​ឧត្ដម វង្សី វិស្សុត រដ្ឋ​លេខា ​ធិការ​ក្រសួង​សេដ្ឋកិច្ច​​- ហិរញ្ញវត្តុ មាន​ប្រសាសន៍ថា កាល​ពីអតីតកាល ក៏ដូចជា​ពេល​បច្ចុប្បន្ន និង​ពេល​អនាគត ប្រទេស​ជាតិ​ត្រូវ​ពឹងពាក់​លើ​កងទ័ព​ដើម្បី​ជា​កម្លាំង​ឈាន​មុខ​ក្នុងការ​ការ​ពារ​ជាតិ​មាតុភូមិ និង​​ចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ។

អគ្គនាយកដ្ឋាន​ភស្តុភារ​និង​ហិរញ្ញវត្ថុ​បាន​និង​កំពុង​​អនុវត្ត​​កំណែទម្រង់​​ការហូប​ចុក​ជីវភាព​រស់នៅ​របស់​កងទ័ព​ជា​ប្រចាំ ហើយ​​ការ​ចុះ​ត្រួតពិនិត្យ​នៅតាម​សាកលវិទ្យាល័យ  សាលា វិទ្យាស្ថាន តំបន់​ប្រតិបត្តិការ​សឹក  បណ្ដាទិសនានា ជាឱកាស​ល្អ​បំផុត​ដើម្បី​ផ្សព្វផ្សាយ  ត្រួតពិនិត្យ តាមដាន វាយតម្លៃ កែលម្អ  ផ្លាស់ប្ដូរ​បទពិសោធន៍​ ដែល​នាំ​មក​នូវ​សុខុមាល​ភាព​សម្រាប់​យោធិន​គ្រប់រូប​ស្របតាម​យុទ្ធសាស្រ្ត​របស់​រដ្ឋាភិបាល។