នាយឧត្តមសេនីយស៊ុំ សំណាង អញ្ជើញបញ្ចុះបឋមសិលាអគារព្យាបាលភ្នែកនិងឆ្អឹង

កាលពីព្រឹកថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០១៥ នេះ នាយ​ឧត្តម​សេនីយស៊ុំ សំណាង អគ្គនាយក​ភស្តុភារ​និង​ហិរញ្ញវត្ថុ ក្រសួងការពារជាតិកម្ពុជា បាន​អញ្ជើញ​បញ្ចុះ​បឋមសិលាសាងសង់​​​​អគារ​ព្យាបាលភ្នែក​និង​ឆ្អឹងនៅ​មន្ទីរពេទ្យ​ព្រះកេតុមាលា ក្រោមជំនួយ​របស់​​ក្រសួង​​ការពារ​ជាតិ​វៀតណាម។

វរសេនីយឯក ង្វៀន​ អាញ់យុង ប្រធាន​អានុព័ន្ធ​យោធា​វៀតណាម បាន​មាន​ប្រសាសន៍ថា​ អគារ​ដែលមាន​ទឹកប្រាក់ជាង ១ លានដុល្លារ បណ្ដោយ ៤៣ ម៉ែត្រ ទទឹង ១៥ ម៉ែត្រ កម្ពស់ ៥ ជាន់ នេះ គឺជា​សក្ខីភាព​នៃ​ការ​សាមគ្គីស្មាកៀកស្មា​របស់​កងទ័ពទាំងពីរ ដែលធ្លាប់ប្រយុទ្ធ​រួមគ្នា ហើយ​បច្ចុប្បន្ន​កំពុង​សហប្រតិបត្តិ​ការ​ និង​អភិវឌ្ឍន៍​ជាប់ជា​បន្តបន្ទាប់ថែមទៀត។

ឧត្តម​សេនីយ​ឯក លី សុវណ្ណ ប្រធាន​មន្ទីរពេទ្យ​ព្រះកេតុមាលាថ្លែងថា តាំងពី ២០០៧ មក សម្ព័ន្ធ​មេត្រីភាព​រវាង​មន្ទីរពេទ្យ​យោធា ១៧៥ ក្រុង​ហូជីមិញ និង​មន្ទីរពេទ្យ​ព្រះកេតុមាលា បាន​ផ្ដល់​ឱកាស​​ឲ្យ​វេជ្ជបណ្ឌិត ៣២ រូប​​ចូលរួម​សិក្សា​ជំនាញ​សំខាន់ៗ។ ទន្ទឹមនេះ ក្រុមគ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​ទាំង​ពីរ​បាន​ធ្វើសកម្មភាព​មនុស្ស​ធម៌ វះកាត់​ភ្នែកឡើងបាយ បាន ២៧០០ លើក​នាក់  និង​ព្យាបាល​ភ្នែកជាង ៤០០០ លើកនាក់​ផងដែរ។

ក្នុង​ប្រសាសន៍​ថ្លែង​អំណរគុណ​ដល់​ក្រសួងការពារជាតិ​វៀតណាម នាយឧត្តម​សេនីយ​ ស៊ុំ សំណាង បាន​លើកឡើងថា នេះជាការ​ឆ្លើយតបនឹង​តម្រូវការ​ចាំបាច់របស់​កម្ពុជា ជាពិសេស​គឺ​ជំនាញ​ភ្នែក​និង​ឆ្អឹងនេះ  ហើយ​​ជាការតបស្នង​នឹង​សណ្ដានចិត្ត​ដ៏ថ្ងៃថ្លានេះ នាយឧត្តម​សេនីយ​បាន​លើកទឹកចិត្ត​ឲ្យ​មានការ​ថែទាំ​សមិទ្ធផល​នានា​ដែលជា​ជំនួយ​ឥតសំណង​ និងត្រូវ​ប្ដេជ្ញា​​ថែរក្សា​ឲ្យបាន​គង់វង្ស​ជារៀងរហូត​នូវ​ចំណង​សាមគ្គីភាព ជាពិសេស​ចំណង​មេត្រីភាព​ជាមួយ​មន្ទីរយោធា ១៧៥ ក្រុង​ហូជីមិញ ដែលកំពុង​ពង្រឹង​ស្តង់ដារ​សមត្ថភាព​ដ៏ខ្ពង់ខ្ពស់​មួយ។

ជាចុងក្រោយ ឯកឧត្តម​បាន​លើក​ទឹកចិត្តថា យើង​ក៏​ត្រូវ​ប្រែក្លាយ​មន្ទីរ​ពេទ្យ​ព្រះកេតុមាលា ឲ្យ​​ទៅជា​មន្ទីរពេទ្យ​ដែលទទួលបាន​សេចក្ដីទុកចិត្ត​ពីយោធិន​និង​ប្រជាពលរដ្ឋកម្ពុជា​ផងដែរ។