ក្រុមការងារចម្រុះការពារជាតិ-ហិរញ្ញវត្ថុ ចុះសំណេះសំណាលនៅរាម

កាលពីថ្ងៃទី ២១ ខែ​កុម្ភៈ ឆ្នាំ ២០១៦ កន្លងទៅនេះ  ក្រុមការងារ​ចម្រុះរបស់​ក្រសួងការពារជាតិ​​​និ​ង​​ក្រសួង​​សេដ្ឋកិច្ច​-ហិរញ្ញវត្ថុ ​ដែល​មាន​ឯកឧត្តម​ វង្សី​ វិសុទ្ធ រដ្ឋលេខាធិការ ​​ក្រសួង​សេដ្ឋកិច្ច-ហិរញ្ញវត្ថុ​ ជា​ប្រធាន​ក្រុម បាន​ចុះ ជួបសំណេះសំណាល ពិនិត្យ​ការថែទាំ​គ្រឿង​​បំពាក់​​សម្ភារ​បច្ចេកទេស​ ​និង​​ជីវភាព​​រស់​នៅ​​របស់​យោធិន​​ក្នុង​មូលដ្ឋាន​ទ័ព​​សមុទ្រ​រាម។

ប្រតិភូ​នៃ​ក្រុម​ការងារ​ចម្រុះ​ត្រូវ​បាន​ទទួល​ស្វាគមន៍​យ៉ាងកក់​ក្ដៅ​ពី​សំណាក់​ថ្នាក់ដឹកនាំ​និង​នាយទាហាន​ ពល​ទាហាន​ជាច្រើន​រូប។

នាយឧត្តមសេនីយ ស៊ុំ សំណាង អគ្គនាយក​ភស្តុភារ-ហិរញ្ញវត្ថុ​ ក្រសួងការពារជាតិ​ នាយ​ឧត្តម​សេនីយ​ចៅ ភិរុណ អគ្គនាយក​សម្ភារៈ​និង​បច្ចេកទេស ក្រសួងការពារជាតិ ​​បាន​អញ្ជើញ​ចុះ​ត្រួត​ពិនិត្យ​ផែទើបជួសជុលរួច  ពិនិត្យ​មើល​រោងជាង  សួរសុខទុក្ខ​អ្នកជំងឺនៅ​គិលានដ្ឋាន និង​​ក្រុម​ជីវភាព​ដែល​ធ្វើសកម្មភាព​ការងារ​បាន​យ៉ាង​ល្អ និង​តម្លាភាព។

បន្ទាប់​មកទៀត ក្រុមការងារ​ចម្រុះ​​បាន​ចុះ​ទៅ​ត្រួ​តពិនិត្យ​ការ​ថែទាំ​​ជួលជុល​រថ​ក្រោះ  ​ពិនិត្យ​ការសាកល្បង​រថក្រោះ​នៅ​បញ្ជាការដ្ឋាន​រថក្រោះ និង​ពិនិត្យ​ទីតាំង​ដី​សម្រាប់​សាងសង់​ឃ្លាំងគ្រាប់ផងដែរ។

នៅទីបញ្ចប់​  ប្រតិភូ ដែលបាន​ចូលរួម​ដោយ​ឧត្តម​សេនីយឯក ហ៊ុន ម៉ាណែត ក៏បាននាំមកនូវអំណោយ​​ជាច្រើនរបស់​សម្ដេច​តេជោហ៊ុន​ សែន និងសម្ដេច​កិត្តិព្រឹតបណ្ឌិត​ផងដែរ រួម​មាន​​ប្រាក់កាក់  ត្រីខ ​ មីកញ្ចប់​ សម្ភារជាច្រើនទៀត។