ឯកឧត្តមឯក សំអុល ទទួលការព្យាបាលជំងឺកៀបសសៃចង្កេះនៅមន្ទីរពេទ្យព្រះកេតុមាលា - Department General of Logistics - Finance

ឯកឧត្តមឯក សំអុល ទទួលការព្យាបាលជំងឺកៀបសសៃចង្កេះនៅមន្ទីរពេទ្យព្រះកេតុមាលា

កាលពីថ្ងៃទី ៥ ខែ​មិនា ឆ្នាំ ២០១៧ ឯកឧត្តម​ឯក សំអុល ទីប្រឹក្សា​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន និង​ជា​ប្រធាន​សមាគម​មិត្ត​ភាព​កម្ពុជាចិន បាន​ទទួល​ការ​វះកាត់​ព្យាបាល​ជំងឺកៀបសសៃ​ចង្កេះ (lumbar foraminal stenosis) ដោយប្រើ​បច្ចេកវិទ្យាចោះ​បែប​ទំនើប​ (Endoscopic Lumbar Foraminotomy) នៅ​មន្ទីរពេទ្យ​ព្រះកេតុមាលា ដែលអនុវត្ត​ដោយ​គ្រូពេទ្យ​កម្ពុជា​សហការ​ជាមួយ​អ្នកជំនាញ​មកពី​ប្រទេស​ចិន។

វិធីសាស្រ្ត​ចោះ​ព្យាបាល​នេះ គឺជា​បច្ចេកវិទ្យា​ទំនើប ដែល​ប្រើប្រាស់​វិធីសាស្រ្ត​ចោះ​តូចមួយ នៅ​ចង្កេះ  វាមិន​បណ្ដាល​ឲ្យហូរ​ឈាមច្រើន មានស្លាកស្នាមតូចបំផុត​​តែ​កន្លែង​ចោះ​តែ​ប៉ុណ្ណោះ។

បច្ចេកទេស​ទំនើបនេះ​ នឹង​ជួយ​ឲ្យ​អ្នកជំងឺ​​​ឆាប់បាន​ធ្វើសកម្មភាព​ប្រចាំថ្ងៃ​វិញ​យ៉ាងឆាប់រហ័ស​​ជាង​ការវះកាត់​ធម្មតា។

រយៈពេល តែ ២ម៉ោង ក្រោយ​វះកាត់ ឯកឧត្តម​ឯក សំអុល បានប្រាប់​ក្រុមគ្រូពេទ្យ​ភ្លាមថា អាការៈឈឺដោល​ពី​ចង្កេះ​មក​ជើងឆ្វេង​គឺបាត់​ឈឹង​តែម្ដង ហើយ​ពេលសម្រាន​ក៏មិនឈឺដែរ។ កាលពីមុនវះកាត់ សម្រាន​មិនកើតទេ ព្រោះឈឺចាប់ខ្លាំងណាស់។ នៅពេលនេះ លែងឈឺមកពីខាងក្នុង​ទៀតហើយ នៅតែឈឺ​មុខរបួស​នៅស្នាមចោះ​តែ​ប៉ុណ្ណោះ។

នៅក្នុង​ថ្ងៃនេះ​ដែរ គេសង្កេត​ឃើញមាន​ប្រជាពលរដ្ឋមួយ​ចំនួន​បាន​មក​ព្យាបាល​ជំងឺ​តាម​បច្ចេកវិទ្យានេះដែរ។ លោកសាំង​ រិន ដែលជា​ប្រជាពលរដ្ឋ​ម្នាក់មកពី​ស្រុក​ស្ទោង ខេត្ត​កំពង់ធំ បាន​និយាយថា លោក​ឈឺ​ចង្កេះ​យូរហើយ ប៉ុន្តែ​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ អាការៈ​កាន់តែ​ធ្ងន់ធ្ងរ ហើយ​អ្នកជិតខាង​បាន​ណែនាំ​ឲ្យ​មក​មន្ទីរ​ពេទ្យ​ព្រះកេតុមាលា។

ឧត្តម​សេនីយទោ​ឃាង វុទ្ធី អនុប្រធាន​មន្ទីរពេទ្យ​ព្រះកេតុមាលា​ មានប្រសាសន៍ថា វាជា​កិត្តិយសនិង​ជាការ​បង្ហាញ​អំពី​កម្រិត​សមត្ថភាព​របស់​មន្ទីរពេទ្យ​ដែល​អាច​ផ្ដល់​ការព្យាបាល​ដល់​ឥស្សរជន​ជាន់ខ្ពស់​រហូត​ដល់​ប្រជាជន​ទូទៅ។

គួរ​កត់សម្គាល់ថា មន្ទីរពេទ្យ​ព្រះកេតុមាលា ឬ​មន្ទីរពេទ្យ​ធំ ឬ​មន្ទីរពេទ្យ ១៧៩ គឺជា​មន្ទីរពេទ្យ​យោធា ក្រោម​ចំណុះ​អគ្គភស្តុភារ​និង​ហិរញ្ញវត្ថុ​នៃ​ក្រសួង​ការពារជាតិ​កម្ពុជា។ មន្ទីរពេទ្យ​នេះ តែង​មានការ​សហការ​ជាមួយ​គ្រូពេទ្យ​ជំនាញ​មក​ពី​បណ្ដា​ប្រទេស​នានា​​ដើម្បី​បង្កើត​សមត្ថភាព​ព្យាបាល​ជូន​យោធិន​ផង និង​ប្រជាពលរដ្ឋ​ទូទៅ​ផងដែរ។