បេសកកម្ម​អប់រំ​អំពី​ឧបករណ៍​ពេទ្យ​ទំនើប​បាន​បញ្ចប់

ក្រុម​គ្រូពេទ្យ​ឬ​វេជ្ជ​បណ្ឌិត​នៃ​កងទ័ព​រំដោះ​ប្រជាជន​ចិន​តែង​ចុះ​មក​បំពេញ​បេសកកម្ម​ជា​ហូរហែ​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កេតុមាលា ដែល​ជា​មន្ទីរ​ពេទ្យ​ធំ​របស់​កង​យោធពល​ខេមរភូមិន្ទ មាន​ទី​តាំង​នៅ​រាជ​ធានី​ភ្នំពេញ។

បេសកកម្ម​តែង​មាន​គោល​បំណង​ពង្រឹង​សមត្ថភាព​ព្យាបាល ហើយ​កាល​ពី​ពេល​ថ្មីៗ​នេះ ក្រុម​គ្រូពេទ្យ​មួយ​ក្រុម​ទៀត បាន​ចុះ​មក​បំពេញ​បេសកកម្ម​បង្រៀន​​អំពី​របៀប​ប្រើ​ប្រាស់​ឧបករណ៍​វេជ្ជសាស្រ្ត​ថ្មី​ដល់​ក្រុម​គ្រូពេទ្យ​ប្រចាំ​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កេតុមាលា​ជាថ្មី​ម្ដង​ទៀត។

កាល​ថ្ងៃទី ៥ ខែ​កុម្ភៈ ឆ្នាំ ២០១៨ កន្លង​មក​នេះ មន្ទីរ​ពេទ្យ​ព្រះ​កេតុមាលា​បាន​រៀបចំ​ពិធី​បំពាក់​មេដាយ និង ជូន​លិខិត​សរសើរ​ដល់​ក្រុម​គ្រូពេទ្យ​ដែល​បាន​បញ្ចប់​បេសកកម្ម​ជួយ​ព្យាបាល​ជំងឺ និង បណ្តុះ​បណ្តាល ក្រុម​គ្រូ​ពេទ្យ​ឯកទេស​កម្ពុជា​មួយ​ចំនួន​ដើម្បី​ឲ្យ​ប្រើប្រាស់​ឧបករណ៍​ទំនើបៗ ដែល​ជា​ជំនួយ​របស់​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន។

​ពិធីនេះ​ធ្វើឡើង​ក្រោម​អធិបតីភាពឯកឧត្តម ឧត្តម​សេនីយ៍ឯក ពេជ្រ ឈឿន អគ្គនាយករង អគ្គនាយកដ្ឋាន​ភស្តុភារ​ហិរញ្ញវត្ថុ ឯកឧត្តម​ឧត្តមសេនីយ៍ឯក លី សុវណ្ណ អគ្គនាយករង​អគ្គនាយកដ្ឋាន​ភស្តុភារ​ហិរញ្ញវត្ថុ និង​ជា​នាយក​មន្ទីរពេទ្យ​ព្រះកេតុមាលា ហើយ​​ភាគី​ចិន​មាន​លោក វរសេនីយ៍​ឯក​ពិសេស លី នីង​យ៉ា អនុព័ន​យោធា នៃកងទ័ព​រំដោះ​ប្រជាជន​ចិន ប្រចាំ​នៅ​​ព្រះរាជាណាចក្រ​កម្ពុជា។