ឧត្តមសេនីយឯក ពេជ្រ ឈឿន នាំយកអំណោយទៅមណ្ឌល៣១៧ ភ្នំឆ័ត្រ
កាលពីថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៥ ឧត្តមសេនីយឯក ពេជ្រ ឈឿន អគ្គនាយករងនៃអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ បាននាំយកអំណោយរបស់ឯកឧត្តម នាយឧត្តមសេនីយ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិទៅចែកជូនដល់មជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ ភ្នំឆ័ត្រ ស្ថិតក្នុងភូមិសាស្រ្ត ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
អំណោយដែលបានចែកក្នុងពិធីនោះរួមមាន រថយន្តសង្គ្រោះ EVICO យោធាមួយគ្រឿងរបស់ក្រសួងការពារជាតិ ម៉ាស៊ីនដេរប្រើជើងនិងម៉ូទ័រ១២ គ្រឿង ម៉ាស៊ីនផុងប្រើជើង និងម៉ូទ័រ ៣ គ្រឿង ព្រមទាំងសម្ភារសួនកុមារ មានដូចជា ទោងរំអិល ទោងយោល ៥ គ្រឿង កៅអីមូលវិល និងកៅអីអង្គុយដែលជាអំណោយផ្ទាល់ខ្លួនរបស់ឯកឧត្តមរដ្ឋមន្ត្រីផ្ទាល់។
អំណោយទាំងនេះ ត្រូវបានផ្ដល់ជូនមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ ភ្នំឆត្រតាមការស្នើសុំរបស់លោកនាយកមណ្ឌលក្នុងឱកាសដែលឯកឧត្តមឧបនាយករដ្ឋមន្រ្តីចុះសាកសួរទុក្ខបងប្អូនពិការក្នុងឱកាសមុនពិធីបុណ្យចូលឆ្នាំថ្មីកន្លងទៅនេះ។
ឧត្តមសេនីយឯក ពេជ្រ ឈឿន បានក៏បានអញ្ជើញចុះពិនិត្យគិលានដ្ឋានរបស់មជ្ឈមណ្ឌល និងស្វែងយល់អំពីការរៀបចំសាងសង់អគារព្យាបាលជំងឺតាមសំណើររបស់លោកប្រធានមណ្ឌលដែលឯកឧត្តម ទៀ បាញ់ បានសម្រេចផ្ដល់ជូននាពេលកន្លងទៅតាមការស្នើសុំដែរ ។ ឯកឧត្តមបានមានប្រសាសន៍ថាថ្នាក់ដឹកនាំតែងយកចិត្ត ទុកដាក់ ជាពិសេសចំពោះជីវភាពរស់នៅរបស់បងប្អូនយោធិនពិការដែលបានតស៊ូពុះពារការពារទឹកដីនៃយើង។
មណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ គេជោ ភ្នំឆត្រ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១២ លើផ្ទៃដី ៣០០ ហិកតា ។ រហូតមកដល់បច្ចុប្បន្ននេះ មានផ្ទះស្នាក់នៅ ២៥០ ខ្នង បណ្តាញផ្លូវក្នុងមណ្ឌល អគារទីចាត់ការ សាលារៀន មណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត សម្រាប់យោធិនពិការ ២៦១ នាក់ ព្រមទាំងកូនប្រពន្ធសរុប ១.២៨៦ នាក់។