ប្រតិភូ NAMRU ចូលជួបសម្ដែងការគួរសមនាយឧត្តមសេនីយ៍ ស៊ុំ សំណាង
កាលពីព្រឹកថ្ងៃ ២៤ ខែមិថុនា ឆ្នាំ ២០១៥ នេះ នៅអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ក្រសួងការពារជាតិ គណៈប្រតិភូនៃវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្រ្តកងទ័ពជើងទឹកសហរដ្ឋអាមេរិក (NAMRU) ដឹកនាំដោយវរនាវីឯក វ៉ន និងវរនាវីទោ ភោទ្រី ព្រមទាំងសហការីបានចូលសម្ដែងការគួរសមនិងរាយការណ៍ជូននាយឧត្តមសេនីយ៍ ស៊ុំ សំណាង អគ្គនាយកភស្តុភារនិងហិរញ្ញវត្ថុនូវការងារទាំងឡាយដែលក្រុមការងារ NAMRU បានជួយដល់កងយោធពលខេមរភូមិន្ទ។
តាមរយៈកិច្ចសហប្រតិបត្តិការជាមួយកងយោធពលខេមរភូមិន្ទ NAMRU បានចូលរួមសហការប្រមូលទិន្នន័យអំពីការកើតមានជំងឺដើម្បីគ្រប់គ្រង ការពារ ទប់ស្កាត់ ជំងឺឆ្លងនានា ហ្វឹកហ្វឺនជំនាញមីក្រូទស្សន៍ ការបញ្ជូនសារតាមទូរស័ព្ទ និងការសិក្សាជំងឺឆ្លង ។ ទន្ទឹមនេះ ក៏បានបំពាក់សម្ភារមន្ទីរពិសោធន៍ សម្ភារបច្ចេកវិទ្យាព័ត៌មានវិទ្យា កុំព្យូទ័រ ទូរស័ព្ទដៃ និងថវិកាសម្រាប់គាំទ្រការចូលរួមសិក្ខាសាលាមួយចំនួន។
NAMRU ក៏បានសហការជាមួយមន្ទីរពេទ្យព្រះកេតុមាលា ដោយបំពាក់នូវឧបករណ៍មន្ទីរពិសោធន៍ផ្នែកមីក្រូជីវសាស្រ្តកម្រិតមធ្យម ទូសុវត្ថិភាព ទូទឹកកក មីក្រូទស្សន៍ កុំព្យូទ័រ បណ្ដុះបណ្ដាលអំពីស្តង់ដារប្រតិបត្តិការនៅមន្ទីរពិសោធន៍។
កាលពីចន្លោះឆ្នាំ ២០១៣ ដល់ ២០១៥ នេះ កងនាវាចរណ៍មូលដ្ឋានរាម ក៏ទទួលបានការបណ្ដុះបណ្ដាលបុគ្គលិកពេទ្យ និងប្រព័ន្ធទឹកស្អាត ឧបករណ៍មន្ទីរពិសោធន៍ អង្គធាតុប្រតិករដើម្បីពង្រឹងគុណភាពត្រួតពិនិត្យនិងវាយតម្លៃលើការអនុវត្តសកម្មភាព។
ក្នុងអំឡុងពេលដដែលនេះដែរ មន្ទីរពេទ្យស្រអែមសម្ដេចតេជោ ក៏បានសហការជាមួយ NAMRU ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកមន្ទីរពិសោធន៍ ការវិភាគជំងឺទូទៅ គីមីសាស្រ្ត លោហិតសាស្រ្ត និងការស្រាវជ្រាវជំងឺគ្រុនចាញ់។
នាយឧត្តមសេនីយ៍ ស៊ុំ សំណាង បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់ NAMRU ជាមួយកងយោធពលខេមរភូមិន្ទ ជាពិសេសនាយឧត្តមសេនីយបានបន្ថែមថា មន្ទីរពេទ្យស្រអែមគឺជាបង្អែកដ៏សំខាន់របស់យោធិន ក៏ដូចជា ប្រជាពលរដ្ឋទូទៅ ដែលរស់នៅតំបន់ព្រះវិហារ ។ ឯកឧត្តមក៏បានស្នើសុំឲ្យ NAMRU ជួយផ្ដល់ប្រព័ន្ធច្រោះទឹកស្អាតសម្រាប់មន្ទីរ និងរៀបចំបន្ថែមដល់មន្ទីរពិសោធន៍នៅតាមតំបន់ដែលវិទ្យាស្ថាននេះធ្វើការ។