នាយឧត្តមសេនីយ ស៊ុំ សំណាង បញ្ចុះបឋមសិលារោងជាងជួសជុលរថយន្ត

កាលពី​ព្រឹកថ្ងៃទី ០១​ ខែកក្កដា ឆ្នាំ​ ២០១៥ នេះ នៅទីបញ្ជាការ​កងពលតូច​ដឹកជញ្ជូនលេខ ៩៩ មានបើកពិធីបញ្ចុះ​បឋម​សិលា​កសាងរោងជាងជួសជុល​រថយន្ត​ដែលជាជំនួយ​របស់កងទ័ព​រំដោះ​ប្រជាជ​នចិន ក្រោមអធិបតីភាព​ឯកឧត្តម នាយឧត្តមសេនីយ៍ ស៊ុំ សំណាង  អគ្គនាយក​​ភស្តុភារ ហិរញ្ញវត្ថុ  ក្រសួងការពារជាតិ និង​ លោក វរសេនីយ​ទោ Ly Ning Ya  អនុពន្ធយោធាចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។

នេះមិន​មែន​ជាលើក​ទីមួយ​ទេ​ដែល​ប្រទេស​ចិន​បានជួយ​ឧបត្ថម្ភ​ដល់ ខ.ភ.ម។ កន្លងមក កងទ័ព​ប្រជាជនចិន បាន​​ផ្ដល់​រថយន្ត​យោធាជាច្រើន​គ្រឿង។ រហូតមកដល់ពេលនេះ រថយន្តទាំងនោះ​បាន​ចូលរួមចំណែកយ៉ាងសកម្ម​ក្នុង​ការដឹក​ជញ្ជូន​បម្រើ​​កងទ័ព ក៏ដូចជា​ការងារស៊ីវិល ការសង្រ្គោះ​ក្នុង​គ្រោះ​មហន្តរាយ ​ការដឹក​យុវជន​ស្ម័គ្រចិត្ត​វាស់ដីធ្លី​ជូន​ប្រជាពលរដ្ឋ ការ​ដឹក​ពលករ​ចំណាក​ស្រុក​វិលពី​ប្រទេសថៃ និង​ការងារ​ជាច្រើន​ទៀត​ក្នុង​បុព្វហេតុ​ការពារជាតិ។

រោង​ជាងនេះ នឹងឆ្លើយតប​ទៅនឹង​តម្រូវការ​ផ្នែក​ជួសជុលរថយន្ត​ឲ្យ​មាន​ប្រសិទ្ធភាពខ្ពស់។ នាយឧត្តម​សេនីយ៍ ស៊ុំ សំណាង តាមរយៈលោក​វរសេនីយទោ Ly Ning Ya  បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជនចិន​ដែលតែងតែមាន​ចិត្តជួយដល់ប្រជាជនកម្ពុជា ជួយឧបត្ថម្ភគាំទ្រគ្រប់វិស័យ ជាពិសេសវិស័យការពារជាតិឲ្យមានសុខសន្តិភាព និង​ក្នុងកិច្ចការពារជាតិមាតុភូមិកម្ពុជា។