សិស្ស ៧០ នាក់បានបញ្ចប់វគ្គគិលានុបដ្ឋាកបឋមជំនាន់ទី ៥

សាលា​បណ្ដុះ​បណ្ដាល​យោធភូមិភាគ​ទី ៣ បាន​រៀបចំការ​ប្រលង​បញ្ចប់​វគ្គ​គិលានុបដ្ឋាក​បឋម​ជំនាន់​ទី ៥ សម្រាប់​សិក្ខាកាម​សរុប ៧០ នាក់ ក្នុងនោះ ប្រុស ៤០ នាក់ និង ស្រី ៣០ នាក់។

ការ​ប្រលង​នេះ​ត្រូវ​បាន​ធ្វើ​នៅថ្ងៃទី ២០ និង ២១ ខែ​មករា ឆ្នាំ ២០១៦ ហើយ​ត្រូវ​​ដឹកនាំ​ត្រួតពិនិត្យ​ដោយ​ឧត្តម​សេនីយ​ត្រី ចាន់ ដារ៉ា​វុធ នាយករង​​នាយកដ្ឋាន​សុខាភិបាល​នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ​-​ហិរញ្ញវត្ថុ នៃ​ក្រសួងការពារជាតិ​កម្ពុជា។

នាយ​ឧត្តម​សេនីយ​ ស៊ុំ សំណាង អគ្គនាយកភស្តុភារ​-​ហិរញ្ញវត្ថុ​ ធ្លាប់​បាន​មាន​ប្រសាសន៍ថា ការ​កសាង​ធនធនា​មនុស្ស​សម្រាប់​វិស័យ​សុខាភិបាល​ ​ត្រូវ​ផ្ដោត​លើ​​យុវជន​និង​យុវនារី​ក្នុង​មូលដ្ឋាន​ ជាពិសេស​​តាម​បណ្ដា​យោធភូមិភាគ​ ហើយ​ត្រូវ​តែ​មាន​សមត្ថភាព​ពិត​ប្រាកដ ដោយ​មិន​ប្រកាន់​បក្ស​ពួកឡើយ។

នាយ​ឧត្តម​សេនីយ​ ស៊ុំ សំណាង ​ក៏មានប្រសាសន៍​ដែរថា សុខាភិបាល​ដែល​ខ្លាំង មិនមែន​គ្រាន់តែ​មានន័យថា មាន​សមត្ថភាព​ព្យាបាល​តែ​ប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំង​មានន័យថា អត្រា​ឈឺ​និង​ស្លាប់​ស្ថិត​នៅ​កម្រិត​ទាបទៀតផង។

គេ​សង្ឃឹមថា សិក្ខាកាម​ដែល​បញ្ចប់វគ្គគិលានុបដ្ឋាកបឋមជំនាន់ទី ៥ នេះ នឹង​ចូលរួម​ជួយ​​ការពារ​ និង​ព្យាបាល​ជូន​យោធិន​ក្នុង​មូលដ្ឋាន​របស់​ពួកគេ។