គ្រូពេទ្យ​ក្រុមទី១៤ នៃ​កង​ទ័ព​រំដោះ​ប្រជាជន​ចិនបាន​មកដល់​មន្ទីរ​ពេទ្យ​ព្រះកេតុមាលា

ព្រឹកថ្ងៃ ៧រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម ពេជ្រ ឈឿន អគ្គនាយករង អគ្គនាយកដ្ឋាន​ភស្តុភារ-ហិរញ្ញវត្ថុ បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សំណេះ​សំណាល​ជូនដំណើរ ក្រុម​គ្រូពេទ្យ ទី១៣ និង ស្វាគមន៍ ក្រុម ទី១៤ នៃ​កង​ទ័ព​រំដោះ​ប្រជាជន​ចិន ដែល​នៅ​ប្រចាំ​ការ​ជួយ​បង្ហាត់បង្រៀន ក្រុម​គ្រូពេទ្យ​កម្ពុជា ក្នុង​មន្ទីរ​ពេទ្យ​យោធា ព្រះកេតុមាលា​នេះ ។ ក្នុង​ពិធី​សំណេះ​សំណាល ឧត្តម​សេនីយ៍​ឯក ពេជ្រ ឈឿន បាន​ថ្លែង​អំណរ​គុណ និង កោត​សរសើរ​ដល់ លោក​វេជ្ជបណ្ឌិត​ចិន​ទាំង​អស់​ដែល​ខិតខំ​អស់ពី​កម្លាំង​កាយ​ចិត្ត បង្ហាត់​បង្រៀន​បច្ចេកទេស​ថ្មីៗ​ដល់​គ្រូពេទ្យ​កម្ពុជា។

ជា​លទ្ធផល ការ​បង្ហាត់​បង្រៀន​បាន​ធ្វើឲ្យ​មន្ទីរពេទ្យ​ព្រះកេតុមាលា កាន់​តែ​បង្កើន​សមត្ថភាព​ក្នុង​ការ​សង្គ្រោះ​ព្យាបាល ជូន​កងទ័ព និង​ប្រជាពលរដ្ឋ​ រួម​ចំណេក​កាត់​បន្ថយ​ការ​ចេញ​ទៅ​ព្យាបាល​នៅក្រៅ​ប្រទេស ។

បច្ចុប្បន្ននេះ មន្ទីរ​ពេទ្យមានសមត្ថភាព អាច​ព្យាបាល វះកាត់​ជំងឺ​បេះដូង វះកាត់​ឆ្អឹងខ្នង សរសៃប្រសាទ និង​មានម៉ាស៊ីន​ស្កែន​ទំនើបៗ ដែលមួយ​ផ្នែក​ជា​អំណោយ​របស់​កង​ទ័ព​រំដោះ​ប្រជាជន​ចិន ។