កងពល ៩៩ កំពុងចូលរួមជួយសង្រ្គោះក្នុងព្រឹត្តិការណ៍ទឹកជំនន់

គិត​ត្រឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ កម្លាំងសង្គ្រោះរបស់កងពល​តូច​ដឹកជញ្ជូន​លេខ ៩៩ អគ្គនាយកដ្ឋាន​ភស្តុភារ ហិរញ្ញវត្ថុ បានចុះជួយប្រជាពលរដ្ឋ​ដែលរងគ្រោះដោយ​ទឹកជំនន់នៅខាង​ត្បូងរាជធានីភ្នំពេញ ដោយប្រើប្រាស់កម្លាំងចំនួន១២០នាក់ រថយន្ត ១៨ គ្រឿង អូប័រ ១០ គ្រឿង ។

តំបន់ដែលរងគ្រោះខ្លាំង​ជាងគេ គឺនៅសង្កាត់សាក់សំពៅចំនួន ៦ភូមិ ក្នុងនោះមានភូមិពោធិធំ ៦៨គ្រួសារ ភូមិខ្វិត ១៧៤ ​គ្រួសារ ភូមិពារាម ៣៣ គ្រួសារ ភូមិក្រាំងតាផូ ៤៧ គ្រួសារ ភូមិសំបូរ ៤១គ្រួសារ និង ភូមិសាក់សំពៅ ៥៥ គ្រួសារ ។

ប្រជាពលរដ្ឋដែលត្រូវបានជួយសង្គ្រោះត្រូវ​បានដឹកយកមកកាន់​ទីទួលសុវត្តិភាព​ផុតពីគ្រោះថ្នាក់ហើយ ។ ដោយឡែកចំពោះប្រជាពលរដ្ឋ​ដែលនៅឆ្ងាយៗពីផ្លូវជាតិ កម្លាំងសង្រ្គោះកំពុងបន្ត​ចុះស្វែងរកជាបន្ត​ទៅទៀត ។

ក្រុមសង្រ្គោះ​ក៏បានប្តូរមុខព្រួញសង្គ្រោះ​នៅ​ថ្ងៃ​បន្ទាប់​ពីផ្សារព្រែកជ្រៃ ទៅកាន់ តំបន់វត្តប្រធាតុវិញ ដោយសារ​នៅទីនេះ​សភាពការណ៍សង្គ្រោះ​មានការ​លំបាកជាងមុន ដោយទឹកក្នុងភូមិសាស្ត្រវត្តប្រធាតុជ្រៅ​ជាងព្រែកជ្រៃ ម្យាងទៀតជាតំបន់​ទឹកហូរខ្លាំងទៀតផង ។

ទន្ទឹមនេះ កងពលក៏ជួយ​សម្រួលដល់​ការ​ដឹកជញ្ជូនជន​រងគ្រោះ អង្ករ និង​ទឹកពិសារ​សម្រាប់ផ្តល់ជូនតាម​បណ្ដាខេត្តផងដែរ​ រួមមាន​ខេត្តពោធិ៍សាត់  បាត់ដំបង  បន្ទាយមានជ័យ កណ្តាល និងរាជធានីភ្នំពេញ។